អាជ្ញាធរក្រុងសៀមរាបបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុង

0

សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប បានរៀបចំការប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុង ដឹកនាំប្រជុំដោយ លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ប៉ូ ម៉េងទ្រី អភិបាលរងតំណាងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង លោកនាយក នាយករង ប្រធានការិយាល័យចំនុះរដ្ឋបាលក្រុង ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ ចំណុះអោយរដ្ឋបាលក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងលោកចៅសង្កាត់ទាំង១២ ចូលរួមផងដែរនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំនេះ ។

កិច្ចប្រជុំនាឱកាសនេះ មានរបៀបវារៈសំខាន់មួយចំនួន រួមមាន៖ ការពិនិត្យ និងអនុម័តសេចក្តីព្រាង របាយការណ៍ការអនុវត្តការងារ របស់រដ្ឋបាលក្រុង ប្រចាំខែកុម្ភៈ និងសេចក្តីព្រាងបិទបញ្ជីចំណូលចំណាយថវិកាប្រចាំឆ្នាំ២០២១ ។

ជាមួយគ្នានោះដែរក្រុមការងារក៏បានលើកយកមកពិភាក្សាជុំវិញការងារកែលម្អ និងថែរក្សាបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងទេសចណ៍អង្គរ ឲ្យមានភាពស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ស្របជាមួយសមិទ្ធិផល នៃផ្លូវ ៣៨ខ្សែផងនោះ ដោយណែនាំឲ្យក្រុមការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប បន្តធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋាន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវមួយចំនួនក្នុងក្រុង ឲ្យពួកគាត់រៀបចំក្នុងការលក់ដូរឲ្យមានសណ្ដាប់ធ្នាប់ល្អ។

ជាមួយគ្នានេះ អាជ្ញាធរក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច ដើម្បីរួមគ្នាលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរបបរស់នៅយើងអោយបានល្អ ស្របតាមគោលបំណងដែលថ្នាក់ដឹកនាំចង់បាន ធានាបាននូវគុណភាព សុវត្ថិភាព ព្រមទាំងការពារបាននូវកិត្តិយសបរិស្ថាន រស់នៅល្អ សម្រាប់បំរើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកំសាន្តផងដែរ៕
អត្ថបទ៖ Reach