សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រៀបចំពិធីអបអរសាទរទិវាជាតិសុខភាព មាតា ទារក និងកុមារ

0

ខេត្តប៉ៃលិន ៖ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងសាលាឃុំសាលាក្រៅ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហម និងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន១៦នាក់ នៅសាលាឃុំសាលាក្រៅ ក្នុងឱកាសអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រមុំ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រ ហមកម្ពុជា ខេត្តប៉ៃលិន និងអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជម្រាបជូនពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០»។ ក្រុមប្រ តិបត្តិសាខាបានបន្តផ្សព្វផ្សាយ អំពីជំងឺកូវីដ ១៩ ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់បដិរូបកាក បាទក្រហម-អឌ្ឍចន្ទក្រហម ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែម និងរៀនរស់នៅជាមួយកូវីដ-១៩ ដោយត្រូវមានអនាម័យល្អ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយ ត្រូវតែពាក់មួកសុវត្តិភាព និងម៉ាសជាប់ជាប្រចាំ ដើម្បីចូលរួមការពារមេរោគកូវីដ-19 បម្លែងថ្មី អូរមេក្រុង ដ៏កាចសាហាវនេះ ត្រូវបានលើកទឹកចិត្តអោយ បងប្អូនប្រជាពលរដ្ឋទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៣ការពារ និង ៣កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រ យុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 កុំអោយមានការរីករាលដាលបន្តចូលក្នុងសហគមន៍បានទៀត។
ជាចុងក្រោយ ក្រុមការងារ ក៏បានផ្តល់នូវអំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងម្នាក់ៗ ទទួលបាន៖ សម្ភារៈកូនង៉ែត ១កញ្ចប់ ជែលលាងដៃ២ដប (កន្លះលីត្រ) ម៉ាស៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕

ដោយ ភ្នំខៀវ ប៉ៃលិន