ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះពិនិត្យមើលការប្រើប្រាស់ផ្ទៃដីចម្ការមីនបោសម្អាតរួច និងជួបអ្នកទទួលផលនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចុះពិនិត្យមើលការប្រើប្រាស់ផ្ទៃដីចម្ការមីនបោសម្អាតរួច និងជួបសំណេះសំណាលជាមួយអ្នកទទួលផល២ស្រុកស្វាយចេក និងអូរជ្រៅ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ មានរត្តមាន លោកស្រី អាលីហ្សា ចាកហ្គឺ (Allissar Chaker) តំណាង UNDP ប្រចាំនៅកម្ពុជា, លោក រីអាន ថាយយ័រនី (Ryan Tierney )លេខាទូតទី១នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រី យៀកយុង ជី(Yeakyung Ji )នាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA។
ផ្ទៃដីបោសសម្អាតរួចត្រូវចុះពិនិត្យមានចំនួន ០២កន្លែង រួមមានទី១/. លេខ LR/22478 មានផ្ទៃដី ៥៤.៥០៣ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្វាវលើ ឃុំស្វាយចេក ស្រុកស្វាយចេក មានអ្នកទទួលផលចំនួន ២គ្រួសារ សរុបចំនួន ៩នាក់ និងទី២/.លេខ LR/23132 មានផ្ទៃដី ២១.០៥០ ម៉ែត្រក្រឡា ស្ថិតក្នុងភូមិសុភីជើង ឃុំសុភី ស្រុកអូរជ្រៅ មានអ្នកទទួលផល៣គ្រួសារ សរុបចំនួន ១៣នាក់ ដែលផ្ទៃដីទាំងពីរនេះ ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់សម្រាប់ការធ្វើស្រែ និងដាំដំឡូងមី។
លោក ប៊ឹង ស្រួច សមាជិកក្រុមប្រឹក្សាឃុំស្វាយចេក បានមានប្រសាសន៍ថា ទីតាំងបោសសម្អាតនេះ គឺជាទឹកដីអតីតសមរភូមិក្តៅសំបូរទៅដោយគ្រាប់មីន ប៉ុន្តែដោយសារតម្រូវការចាំបាច់ និងខ្វះដីប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ប្រជាពលរដ្ឋដែលជាម្ចាស់ដី បានសម្រេចឈួសឆាយដីនេះទាំងប្រថុយប្រថាន ព្រមទាំងបានរកឃើញគ្រាប់មីនជាច្រើន ហើយត្រូវផ្អាកវិញ រង់ចាំកម្លាំងបោសសម្អាត រហូតដល់មានការបោសសម្អាតត្រឹមត្រូវក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលនេះ។
លោកបន្តទៀត ទីតាំងបោសសម្អាតមីននេះ មិនបង្កឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់ឡើយ ដោយសារពួកគាត់បានយល់ដឹងច្បាស់អំពីស្ថានភាពទីតាំងនេះ និងបានទទួលការយល់ដឹងបន្ថែមអំពីការគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមពីប្រតិបត្តិករបោសសម្អាតមីនរបស់យើង។
ប្រជាពលរដ្ឋជាអ្នកទទួលផល ពិតជាមានសេចក្តីសប្បាយ រីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាពលើដីរបស់គាត់ ដែលអាចអោយត់អាចបង្កបង្កើនផលដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើងសម្រាប់គ្រួសាររបស់គាត់។
លោកទេសរដ្ឋមន្រ្តីក៍បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួចឲ្យបានច្រើននិងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឲ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។
លោកបានណែនាំឲ្យប្រជាពលរដ្ឋត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណាដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន៕ដោយ៖ឃិន គន្ធា