ឯកឧត្តមងួន រតនៈ អភិបាលខេត្តកំពង់ធំបាននាំយកបន្ទះសូឡា និងអំពូលភ្លើង១៤១គ្រឿងប្រគល់ជូនអតីតយុទ្ធជន ១៤១គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច

កំពង់ធំ ៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុក ទាំង៩ នាំយកបន្ទះសូឡា១៤១ឈុត ប្រគល់ជូនអតីតយុទ្ធជន១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយៀ ស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា បញ្ហាដែលបងប្អូនជួបការលំបាកកន្លងមកត្រូវបានដោះស្រាយ ដោយសម្ដេចតេជោ ហ៊ុនសែន ប្រធានសមាគនអតីតយុទ្ធជន បានចាត់ចែងឲ្យដំណើរការសាងសង់ផ្លូវប្រវែង ១២គីឡូ ម៉ែត្រ នៅក្នុងភូមិ និងប្រព័ន្ធប្រឡាយរំដោះទឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូន ថែមទាំងទទួលបានបន្ទះសូឡានិងអំពូលភ្លើងចំនួន១៤១ គ្រឿង សម្រាប់ផ្ដល់ជូនបងប្អូនអតីតយុទ្ធជនទាំង ១៤១ គ្រួសារ សម្រាប់ប្រើប្រាស់ផងដែរ។
ឯកឧត្តម ងួន រតនៈ បានអគុណសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅដល់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញនិងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ រួមទាំងបានសំណូមពរឲ្យអភិបាលស្រុក-ក្រុងទាំង៩ បន្តសហការចងសម្ព័ន្ធមេត្រីភាពជួយ ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅទីនេះបន្តទៀត ។

បងប្អូនអតីតយុទ្ធជនទាំង១៤១ គ្រួសារ គោរពថ្លែងអំណរគុណ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់អតីតយុទ្ធជនគ្រប់ពេលវេលានិងគ្រប់ទីកន្លែង និងសូមគាំទ្រជារៀងរហូតចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ៕ដោយ ប៊ុន រដ្ឋា