បុគ្គលិកអង្គការអប់រំផ្នែកផ្លូវចិត្តម្នាក់ ស្លាប់ភ្លាមៗខណ:ចុះធ្វើការតាមភូមិ

0

ខេត្តបាត់ដំបង: បុគ្គលិកអង្គការអប់រំផ្លូវចិត្តម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែង ខណ:ដែលកំពុងចុះធ្វើការនៅតាមភូមិ ហើយត្រូវជនសង្ស័យ ម្នាក់ដែលមានចិត្តចង្អៀតចង្អល់ទាញពូថៅកាប់ឡើងសុសសាច់។
ករណីឃាតកម្មគិតទុកជាមុននេះ បានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំនេះ ស្ថិតនៅចំណុចក្រុម១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅក្រុម០៥ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានមួយបានបញ្ជាក់ថា កន្លងមកជនរងគ្រោះ ដែលជាបុគ្គលិកអង្គការ TPO
ជាអង្គការអប់រំផ្លូវចិត្ត បានចុះទៅកាន់ផ្ទះជនសង្ស័យពីរលើករួចមកហើយ ក្នុងគោលបំណងធ្វើការអប់រំ ដោយសារតែគ្រួសារនេះមានការចង្អៀតចង្អល់ ( មនុស្សឆ្វេង ) មិនឲ្យកូនស្រីបានទៅសាលារៀនដូចក្មេងដទៃ។
ប្រភពដដែលបានបន្តថា បើទោះបីជាបុគ្គលិកអង្គការខំពន្យល់ ណែនាំ និងព្យាយាមអប់រំផ្លូវចិត្តយ៉ាងណាក៏ដោយក៏ជននេះ នៅតែមានះមិនព្រមស្តាប់ដែរ។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានចូលទៅម្តងទៀត ប៉ុន្តែត្រូវបានជនសង្ស័យទាញពូថៅកាប់លើរាងកាយពេញខ្លួនរហូតស្លាប់នៅនិងកន្លែង ដោយជនរងគ្រោះ រងរបួសត្រង់ ស្មងជើងខាងស្តាំមួយ កន្លែង សៀតផ្កាខាងស្តាំមួយកន្លែង ចង្កា មួយកន្លែង ក.មួយកន្លែង លើស្មាខាងស្ដាំពីរកន្លែង ថ្ពាល់ខាងឆ្វេង មួយកន្លែង និង ក្បាលពីក្រោយចំហៀងខាងស្ដាំមួយកន្លែង។
ក្រោយពេលទទួលពាក្យបណ្ដឹងរួចកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ហើយយកមកសាកសួរតែម្តងដោយករណីនេះកំលាំងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីច្បាប់ ៕ អត្ថបទ : ព្រាប ស