ស្លាប់ពីរនាក់និងរងរបួសធ្ងន់បីនាក់ ស្រាល ក្នុងឧបត្បិហេតុគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ២គ្រឿង

0

ខេត្តកំពត៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងឧបត្បិហេតុគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តកាមរីបាឡែនពណ៌ស មួយគ្រឿងបុករះម៉ូតូ២គ្រឿង និងរថយន្តប៉ូលិស១គ្រឿងទៀត ដែលចតនៅចិញ្ចើមផ្លូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩និង០៣នាទី ព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវចាក់បេតុងថ្មី ឆ្ពោះទៅវត្តភ្នំស ស្ថុិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមប្រភពព័ត៏មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលបង្កហេតុគេឃើញរថយន្តម៉ាកកាមរី បាឡែនពណ៏ស១គ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចគ្រោះថ្នាក់រថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូដែលបើកបរស្របទិសគ្នាពីរគ្រឿង និងបន្តទៅបុករថយន្តប៉ូលិសដែលចតទុកនៅចិញ្ចើមផ្លូវ រួចរថយន្តបង្កក៏ក្រឡាប់ផ្ងារកង់ឡើងលើគំនរថ្ម បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសដេករដូករណែលពេញផ្លូវតែម្តង។
ប្រភពដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ខាងលើមានឈ្មោះ៖ ១-ឈ្មោះ គាន់ យ៉ាន ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ(ស្លាប់) មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ,២-ឈ្មោះ រ៉ន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ(ស្លាប់) មានទីលំនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ចំណែកអ្នករងរបួសធ្ងន់ ស្រាល មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ខណៈសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែកស្រុក។ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានអ្នកភូមិអះអាងថា ជាមនុស្សសតិមិនគ្រប់ ដោយខណៈនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដឹកបញ្ជូនទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សេង ណារិទ្ធ