ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ទទួលបានឈើជិត ២០ម៉ែត្រគូប ក្រោយការបង្ក្រាប និងប្រគល់ជូនពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែង

0

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានប្រគល់ឈើអារជិត ២០ម៉ែត្រគូបត្រីគុណ ឲ្យមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដែលការប្រគល់ជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤មិនាឆ្នាំ២០២២ និងក្រោយការចុះបង្ក្រាបបាន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៧ (ខេត្តក្រចេះ-ខេត្តស្ទឹងត្រែង) ត្រង់ចំណុចអូរច្រឡង់ ស្ថិតក្នុងភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រោយការបង្ក្រាបរថយន្តខ្នាតយក្ស ១គ្រឿង ដែលគេដឹងថា បានដឹកបាវគ្រាប់ចន្ទី និងដំឡូងមីពីលើ និងលួចបង្កប់ឈើពីក្រោមនោះ រថយន្តដឹកឈើខ្នាតយក្សនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើស នាំយកមករក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តប្រភេទវេអងមួយគ្រឿង ដែលត្រូវសមត្ថកិច្ចចាប់បាន កាលពីថ្ងៃទី២មីនា កន្លងទៅនេះ ដោយមានការសង្ស័យថា រថយន្តនោះ បានដាក់បាវគ្រាប់ស្វាយចន្ទី និងបាវដំឡូងមីពីខាងលើ និងលួចបង្កប់ឈើអារលេខ២ ពីក្រោម នៅពេលរថយន្ត ១គ្រឿងនេះ បាននិងកំពុងធ្វើចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៧ បម្រុងនឹងឆ្លងពីខេត្តស្ទឹងត្រែង ចូលទៅក្នុងខេត្តក្រចេះនោះ ក៏ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ធ្វើការឃាត់ និបបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តទាំងយប់។
មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤មីនានេះ កម្លាំងនគរបាលជំនាញខេត្ត បានប្រគល់ឈើអារដែលមានចំនួនជិត ២០ម៉ែត្រគូបត្រីគុណ មកឲ្យខណ្ឌរដ្ឋបាលព្រៃស្ទឹងត្រែង។ ហើយនៅខណៈនេះ ខណ្ឌរដ្ឋបាលព្រៃឈើ កំពុងចងក្រងសំណុំរឿង ចាត់ការជាបន្ត តាមនីតិវិធីច្បាប់ ស្តីពីព្រៃឈើ។ ចំណែក រថយន្តដែលបម្រើឲ្យការដឹកជញ្ជូនបទល្មើសឈើ នៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ៕