ឃាត់ខ្លួន​​២៤នាក់​ ដកហូតបាន​ម៉ូតូ​៣០គ្រឿង​ និង​វត្ថុតាង​មួយ​ចំនួន បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​សង្វៀន​ជល់មាន់​១កន្លែង​​នៅ​ស្រុុក​កោះសូទិន​

កំពង់ចាម​:​ ទីតាំង​សង្វៀន​ជល់មាន់​ និង​អាប៉ោង​ ១កន្លែង​ នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិត​ក្នុង​ភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម​ ​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ កាលពី​វេលាម៉ោង​២​ រសៀល​ថ្ងៃ​ទី​៤​ ខែមិនា​ ឆ្នាំ​២០២២​ ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ ចំនួន​២៤​នាក់​ ដកហូតបាន​ម៉ូតូ​ ៣០គ្រឿង​ និង​វត្ថុតាង​មួយ​ចំនួន​ទៀត​​ ។ 

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ប្រតិបត្តិការណ៍​បង្ក្រាប​នេះ​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផល​កម្លាំង​ជំនាញ​ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់​ ព្រម​ទាំង​ដកហូតវត្ថុតាងរួមមាន​ ម៉ូតូចំនួន៣០គ្រឿង​ ប្រាក់រៀល​ ១,១៧៧,០០០រៀល​ ប្រាក់ដុល្លារ ១០០០ដុល្លារ​ ទូរស័ព្ទដៃចំនួន​ ២១គ្រឿង​ រួមនឹង​សំភារ​លេង​អាប៉ោង​ និង​បញ្ជល់​មាន់ផងដែរ​ ។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕