ឯកឧត្តម ជា អឿងបានថ្លែងថាការលើកកម្ពស់ស្ត្រីគឺជាការលើកស្ទួយស្រ្តីឲ្យមានភាពរឹងមាំ

0

កំពង់ធំ ៖ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានថ្លែងថាការលើកកម្ពស់ស្ត្រីគឺជាការលើកស្ទួយស្រ្តីឲ្យមានភាពរឹងមាំ ។
ឯកឧត្តមបានថ្លែងសំណេះសំណាលជាមួយស្ត្រីប្រមាណជាង១០០នាក់ក្នុងពិធីអបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នាព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២២នៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ឯកឧត្តមបន្តថាថ្ងៃទី ៨មីនា គឺជាទិវាអន្តរជាតិនៃសិទ្ធិនារីដែលបច្ចុប្បន្នត្រូវបានគេប្រារព្ធធ្វើឡើងជាទូទៅក្នុងពិភពលោកយើង ។ ទិវានេះគឺជានិម្មិតរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទព្រមទាំងអសមភាពទាំងអស់ រវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរហូតសព្វថ្ងៃនេះគឺមានការតស៊ូប្រឹងប្រែងអស់ប្រមាណមួយសតវត្សពីសំណាក់សកម្មជនដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គមក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី។ តើការតស៊ូរហូតធ្វើឲ្យមានទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ វាមានប្រវត្តិយ៉ាងណាខ្លះ?ការគាបសង្កត់និងភាពមិនស្មើគ្នារបស់ស្ត្រីនិងបុរសបានជំរុញឱ្យស្ត្រីមានការតស៊ូមតិច្រើនឡើងៗនិងរិតតែសកម្មឡើងៗ ក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរ ។
ឯកឧត្តមបានប្រទៀតថាសព្វថ្ងៃនៅកម្ពុជាពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិដូចជាសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទនិងរដ្ឋធម្មនុញ្ញនៃរាជរដ្ឋាភិបាលកម្ពុជា ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយក៏វិសមភាពរវាងបុរសនិងស្ត្រីការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហឹង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហា ដូច្នេះរាជរដ្ឋាភិបាលយើងនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកចុះផ្សាយដល់មនុស្សគ្រប់រូបទាំងប្រុសទាំងស្ត្រីដើម្បីជួយស្ត្រីអោយមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិនិងប្រើប្រាស់ដើម្បីកាត់បន្ថយទប់ស្កាត់លុបបំបាត់ចោលនូវបញ្ហាទាំងឡាយដែលមានចំពោះស្ត្រីភេទ។
ឯកឧត្តមបានអំពាវសូមចូលរួមលើកកម្ពស់ស្ត្រីដែលបានខិតខំពុះពាររាល់ឧបសគ្គទាំងឡាយដើម្បីចូលរួមលើកកម្ពស់ប្រទេសជាតិឲ្យមានការរីកចម្រើន។
ឯកឧត្តម ជា អឿង បានផ្តាំផ្ញើដល់សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដឲ្យបានគ្រប់ៗគ្នា។
ក្នុងនោះដែរឯកឧត្តមបានផ្តល់នូវសម្ភារៈសិក្សារដល់យុវជនស្ម័គ្រចិត្តនិងអ្នកចូលរួមសារ៉ុង១ ថវិកា៥ម៉ឺនរៀលផងដែរ ៕ ដោយ​ប៊ុន​រដ្ឋា​