ស្ត្រីមេម៉ាយក្រីក្របានទទួលផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

0

ខេត្តសៀមរាប៖ ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសាងសង់ផ្ទះមនុស្សធម៌ទី៨២ និងត្រូវបានធ្វើពិធីប្រគល់ជូនបងស្រី សំ អង អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនច្រើក្នុងបន្ទុក រស់នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២។ ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ម៉ែត្រ។ ផ្ទះមនុន្សធម៌នេះសាងសង់ឡើងដោយបានការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវ គៀន ស្រីនាង តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំពូមីង ក្នុងឱកាសនេះលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ផ្ទះមនុស្សធម៌នេះប្រគល់ជូនបងស្រី សំ អង ចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ មួយវិញទៀតចូលរួមសហការទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ការពារ។

អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖ មុង១ ភួយ៣ សារុង១ ក្រមា១ កន្ទេល១ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀលព្រមទាំងសូឡា និងអំពូល១ឈុត ជាមួយគ្នានេះដែរលោកជំទាវ គៀន ស្រីនាង ក៏បានឧបត្ថម្ភនូវថវិកា២លានរៀនបន្ថែមផងដែរ។

ក្នុងឱកាសនេះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល ហើយប្រតិភូអមដំណើរក៏បានឧបបត្ថម្ភថវិកា១សែនរៀលក្នុង១គ្រួសារ។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១០ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី ៨២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕