រដ្ឋបាលខេត្តសៀមរាប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្ត ឆ្នាំ២០២២

0

សៀមរាប: នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលក្រុង ស្រុក និង មេឃុំ ចៅសង្កាត់ទាំងអស់ក្នុងទូទាំងខេត្ត ។

មានប្រសាសន៍នៅក្នុងពិធីបើកអង្គសន្និបាតនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធបើកអង្គសន្និបាតនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺដើមី្បទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តសិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

ឯកឧត្តម បានបន្តទៀតថា ក្នុងអង្គសន្និបាតនេះដែរ យើងនឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ដែលរដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាតាមក្រុម សំខាន់ផ្តោតលើក វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិបឹងទន្លេសាប តំបន់ព្រៃឈើ បញ្ហាគ្រឿងញៀន និង អត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី និង ការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំសង្កាត់ ក្នុងនោះក៏បានផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យផងដែរ ដូច្នេះក្នុងឱកាសនេះ
សូមស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឲ្យបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕