ឧត្តមសេនីយ៍ទោ មាស វណ្ណារី នាំយកថវិកាសប្បុរសធម៌ ទៅបរិច្ចាគជូនមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប

0

ខេត្តព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៌ទោ មាស វណ្ណារី មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៌ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សប្បុរសជន កងពលតូចអន្តរាគមន៍ទាំងបី ចំណុះ នាំយកថវិកាសរុបចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ។ក្នុងនោះមន្ទីរពេទ្យគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល) ។ និងមន្ទីរពេទ្យកុមារអង្គរ ទទួលបានថវិកាបរិច្ចាគចំនួន ៥០,០០០,០០០៛(ហាសិបលានរៀល) ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ មានប្រសាសន៍ឲ្យដឹងថា៖ ថវិកាចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) ដែលក្រុមការងារនាំយកទៅបរិច្ចាគជូនដល់មន្ទីរពេទ្យទាំងពី គឺក្នុងគោលបំណងរួមចំណែកបន្តររក្សានិរន្តរភាព នៃកិច្ចដំណើរការព្យាបាល របស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងគោលដៅជួយសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក ស្រ្តីមានផ្ទៃពោះ សម្រាលកូន និងកុមារ នៅកម្ពុជា។ និងចូលរួមថែរក្សាមរតករបស់ឯកឧត្តមសាស្ត្រាចារ្យ Beat Richner និងសូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលជាសមាជិកគាំទ្ររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយបរិច្ចាគចាប់ពី ៥,០០០៛/ខែ ឬ៦០,០០០៛/ឆ្នាំ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។ ដើម្បីនិរន្តរភាព របស់មន្ទីរពេទ្យទាំង២ ក្នុងបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា ។

ជាមួយគ្នានោះដែរមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការរង កងទ័ពគោក មេបញ្ជាការ កងពលធំអន្តរាគមន៌លេខ៣ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៌លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការបរិច្ចាគ នូវថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងចំពោះវណ្ណៈមនុស្សជាតិ ។

សូមបញ្ជាក់ផងដែរថា៖ ថវិកាចំនួន ១០០,០០០,០០០៛ (មួយរយលានរៀល) គឺបានមកពីការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ដោយស្ម័គ្រចិត្ត របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៌លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ សម្រាប់ ឆ្នាំ២០២១៕ សួនលីណា