ឈ្មោះ ឡេង ពិតជាខ្លាំងមែនសមត្ថកិច្ចបិទកន្លែងចាស់បើកកន្លែងទីតាំងថ្មីដំណើរការលេងយ៉ាងរំភើយគ្មានញញើតច្បាប់

0

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទទើបតែធ្វើការចុះចាប់បង្ក្រាប ទីតាំងបនល្បែងសង្វៀនជល់មាន់និងបាញ់អាប៉ោងរបស់ឈ្មោះ(ឡេង) និងធ្វើកិច្ចសន្យាបញ្ឈប់នូវរាល់សកម្មភាពនៃការលេងល្បែងស៊ីសងគ្រប់ប្រភេទមិនទាន់បានប៉ុន្មានថ្ងៃផង ឥលូវស្រាប់តែលេចចេញកន្លែងថ្មីបើកដំណើរការលេងយ៉ាងកក្រើកមួយកន្លែងទៀតហើយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាៈ ទីតាំងសង្វៀនជល់មាន់និងបាញ់អាប៉ោងថ្មីមួយកន្លែងរបស់ឈ្មោះ(ឡេង) ស្ថិតនៅចំណុចក្នុងចំការស្វាយ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅចម្ងាយពីទីតាំងជល់មាន់ចាស់ប្រហែលជាង(៧០០ ម៉ែត្រ)ជាងប្រាំពីររយម៉ែត្រ បានធ្វើការបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងពេញក្នុងចំការស្វាយ បន្ទាប់ក្រោយពីសមត្ថកិច្ចចុះធ្វើការបង្ក្រាបកន្លែងចាស់មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទជាច្រើនមានការហួសចិត្តយ៉ាងខ្លាំង នូវចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលចុះបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោង ហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចទាល់តែសោះ មើលទៅដូចជាការសម្តែងឆាកល្ខោនធ្វើឲ្យតែល្អមើលទេដឹង?
បើយោងតាមព័ត៌មានច្បាស់ការណ៍ទទួលបានពីពលរដ្ឋនៅរសៀលថ្ងៃ ទី០៦ ខែមីនា ឆ្នាំ២០២២ នេះ គេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន កំពុងប្រមូលបក្សពួកមានការជួបជុំ ឲ្យដំណើរការបើកលេងល្បែងយ៉ាងពេញបន្ទុក ក្នុងអំឡុងពេលមានវិបត្តិ(ជំងឺ កូវីដ-19)និងមេរោគបម្លែងថ្មី(អូមីក្រុង) ដែលកំពុងតែផ្ទុះឆ្លងរាលដាលយ៉ាងកក្រើកទូទាំងប្រទេស។ទង្វើបែបនេះធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខនិងអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចដូចជា ករណីចោរកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះដែរ។

ប្រភពដដែលពីពលរដ្ឋនាំគ្នាដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយនេះសង្ស័យបានផ្ដល់ផលប្រយោជន៍ប្រចាំខែឲ្យអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធមួយចំនួន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រួចអស់ហើយមើលទៅ ទើបហ៊ានបើកលេងបានយ៉ាងគឃ្លើនជារៀងរាលថ្ងៃបែបនេះ។
ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋនាំគ្នារិះគន់យ៉ាងខ្លាំងថា លោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោក អ៊ូច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ អសមត្ថភាពក្នុងការទប់ស្កាត់មិនមានវិធានការចាត់កម្លាំងធ្វើការបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ បើកលេងមួយកន្លែងថ្មីនេះទៀតទេ បែរជាទុកឲ្យទីតាំងសង្វៀនជល់មាន់មួយនេះ ដំណើរការបើកលេងបានយ៉ាងរំភើយបែបនេះទៅវិញ!
ដូច្នេះហើយប្រជាពលរដ្ឋរស់នៅ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បាននាំគ្នាអំពាវនាវយ៉ាងទទូចទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយត្រួតពិនិត្យជាក់ស្ដែងនិងមានវិធានការដើម្បីចាត់កម្លាំងជំនាញធ្វើការបង្ក្រាប!ទីតាំងសង្វៀនបញ្ជល់មាន់និងបាញ់អាប៉ោងខុសច្បាប់ កំពុងបើកលេងមួយកន្លែងថ្មីនេះបានយ៉ាងរំភើយ នៅភូមិ/ឃុំ ខាងលើនេះ ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយ ភូមិ/ ឃុំ / សង្កាត់ ឲ្យមានសុវត្ថិភាពផងទាន៕