ផ្ទុះមីនតោនស្លាប់ទាំងម្ចាស់ទាំងគោ

0

ខេត្តបាត់ដំបង: កសិករម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណ:ដែលកំពុងកៀងគោអោយត្រឡប់ទៅផ្ទះ ស្រាប់តែមានគ្រាប់មីនតោនមួយគ្រាប់បានផ្ទុះឡើង ធ្វើអោយសត្វគោដែលដើរជាន់នោះខ្ទេចខ្ទីមើលលែងយល់។ករណីនេះបានកើតឡើង កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង ៤ និង ៤០ នាទី់ ល្ងាច  ស្ថិតនៅចំណុចឆ្លាក  ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នៅក្នុងករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានកៀងគោអោយវិលទៅភូមិវិញព្រោះល្ងាចហើយ។ ពេលមកដល់ត្រង់ចំណុចខាងលើ ទំនងជាសត្វគោបានជាន់ទៅលើគ្រាប់មីនតោន បណ្តាលអោយផ្ទុះឡើង ងាប់គោ ១ក្បាល  និងស្លាប់មនុស្សម្នាក់ឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ជាម្ចាស់គោ ។

តាមការសិក្សាគឺសមត្ថកិច្ចបានអះអាងថា គ្រាប់មីននេះអាចនៅសេសសល់ពីសម័យសង្គ្រាម ហើយអាចអណ្តែតឡើងមកលើបន្ទាប់ពីត្រូវទឹកភ្លៀងញឹកញាប់ ទើបធ្វើអោយសត្វគោជាន់តែម្តង ៕ អត្ថបទ: ព្រាប.ស