អធិការនគរបាលស្រុកអូរជ្រៅឡើងទៅជាស្នងការរងខេត្តកំពត់អធិការរងឡើងជំនួស

0

បន្ទាយមានជ័យ៖ អធិការរងក្រុងប៉ោយប៉ែតម្នាក់ត្រូវបានតែងតាំងឡើងជំនួសអធិការនគរបាលស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានត្រូវថ្នាក់លើផ្តល់ការជឿទុកចិត្ត តែងតែងអោយឡើងទៅជាស្នងការរងខេត្តកំពត ។ពិធីនោះធ្វើឡើងនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅកាលពីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយស្នងការរង អភិបាលរងស្រុក ។

លោកវរសេនីយ៍ឯកសេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានស្វាគមន័ រាយការណ៍សង្ខេបពីលទ្ធផលការងារនិងសមិទ្ធផលនានាដែលអធិការដ្ឋានសម្រេចបាន ។

លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិកនៃស្នងការដ្ឋានបានអានប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ គឺលោកវរសេនីយ៍ឯកសេស វិបុល ពីអធិការនគរបាលស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទៅជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ។ចំណែកលោកវរសេនីយ៍ទោអ៊ឹម សុភារ: ពីអធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទៅជាអធិការនៃអធិការដ្ឋានស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោអ៊ឹម សុភារ: បានឡើងប្តេជ្ញាចិត្តថានឹងខិតខំបំពេញភារកិច្ចអោយបានល្អ ឆ្លើយតបនឹងនឹងជឿទុកចិត្តផ្តល់តំណែងអោយលោកនេះ ។

លោកនង ធឿន អភិបាលរងស្រុកអូរជ្រៅបានកត់សម្គាល់ពីតួនាទី ភារកិច្ចនិងស្នាដៃមិនអាចខ្វះបានរបស់សមត្ថកិច្ចនគរបាលលើការថែរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនពលរដ្ឋនិងមូលដ្ឋានតាមរយ:ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនិងការងារអន្តរាគមន៍ ការងារមនុស្សធម៏ ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអបអរសាទរនិងលើកទឹកចិត្តអោយធនធានមន្ត្រីនគរបាលដែលល្អទាំង២រូប អោយទទួលជោគជ័យលើតួនាទីភារកិច្ចថ្មី ។ ហើយបន្តបង្កើតបាននូវទំនុកចិត្ត ភាពជឿជាក់និងកក់ក្តៅថែមទៀតជូនអាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទៅសិទ្ធិ ឡោះ បានបន្តថា : តាមពិតអធិការដ្ឋាននិងរូបលោកជាថ្នាក់ដឹកនាំនគរបាលខេត្ត មិនចង់អោយលោកវរសេនីយ៍សេស វិបុល ដែលជាធនធាននគរបាលនិងមានគុណសម្បត្តិផ្ទាល់ខ្លួនល្អមួយរូបចាកចេញទេ ។
ប៉ុន្តែដោយធុរ:ផ្ទាល់ខ្លួននៃគ្រួសារលោក ហើយលោកទទួចស្នើសុំផ្លាស់ប្តូរទៅនៅខេត្តកំពត ទើបលោកឆ្លើយតបបំណងគាត់។
ទោះជាយ៉ាងណា អធិការដ្ឋាននេះ ក៏ទទួលបានលោកវរសេនីយ៍អ៊ឹម សុភារ: ដែលក៏ជាធនធាននគរបាលជំនាញនិងមានស្នាដៃល្អផងដែរ សម្រាប់មកជំនួស ។

លោកបានណែនាំការងារទូទៅ ការងារជំនាញនិងការងារមហាជន ការអន្តរាគមន៍ដល់លោកអធិការថ្មី ក៏ដូចជានាយ នាយរងនិងមន្ត្រីនគរបាលយកទៅអនុវត្តបន្តអោយបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត ៕ដោយ៖ ឃិន គន្ធា