អភិបាលខេត្តស្ទឹងត្រែង ជួបសំណេះសំណាលជាមួយមន្រ្តីរាជការជាស្រ្តី អបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ២០២២

ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមន្រ្តីរាជការជាស្រ្តី ក្នុងខេត្តប្រមាណ ៤០នាក់ អបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត»។

លោក ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរ ចំពោះលោកស្រីជាក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្តស្ទឹងត្រែង និងស្ត្រីទាំងអស់ ហើយសូមវាយតម្លៃខ្ពស់ និងគាំទ្រគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត/ក្រុង/ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/សង្កាត់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ន និងសមធម៍សង្គម ដើម្បីស្ត្រី និងកុមារ និងជនងាយរងគ្រោះ ទទួលបានកិច្ចការពារសិទ្ធ និងផលប្រយោជន៍។

លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ព្រោះស្ត្រី គឺជាឆ្អឹងខ្នងនៃសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះសូមអោយបងប្អូនជាស្ត្រីគ្រប់ៗរូប ត្រូវពង្រឹងសមត្ថភាពការងារ និងបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីមានចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់ ហើយទទួលឱកាសចូលរួមចំណែកក្នុងសកម្មភាពនានា ទាំងឆាកនយោបាយ និងការងារសង្គម៕