សមិទ្ធផលថ្មីជាច្រើន ដែលប្រើប្រាស់ថវិការអស់ជាង ៦ម៉ឺនដុល្លា ក្នុងវត្តពោធិក្រឡាញ់ ត្រូវបានរៀបចំពិធីឆ្លង និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

0

សៀមរាប៖ សមិទ្ធផលថ្មីជាច្រើន ដែលប្រើប្រាស់ថវិការអស់ជាង ៦ម៉ឺនដុល្លា ដែលជាអំណោយរបស់ពុទ្ធបរិស័ទក្នុង និងក្រៅស្រុក មាន៖ ដងទង់ ឈាបនដ្ឋាន និងផ្លូវបេតុង១ខ្សែ ស្ថិតក្នុងវត្តពោធិក្រឡាញ់ ក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានរៀបចំពិធីសម្ពោធ និងឆ្លង ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ។

ពិធីសម្ភោធ និងឆ្លងនេះប្រព្រឹត្តិទៅកាលពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមវត្តមានលោកស្រី ម៉ននី រង្សី អភិបាលស្រុក្រឡាញ់ និងលោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ អាជ្ញាធរឃុំ មេភូមិ អនុភូមិ សប្បុរសជនក្នុងស្រុក លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋចំណុះ ជើងវត្តពោធិក្រឡាញ់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៥៩នាក់ ស្រី ១០២នាក់។

បើតាមគណៈកម្មាការវត្តបានបញ្ជាក់ថា ពិធីបុណ្យឆ្លងនេះរួមមាន៖ ដង់ទង់ ចំនួន ២ដើម កំពស់ ១៨ម៉ែត្រ, ឈាបនដ្ឋាន ទំហំ ១០x០៦ម៉ែត្រ កំពស់ពីរជាន់, ផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ១៩០ម៉ែត្រ កំរ៉ាស់ ០,១២ម៉ែត្រ ទទឹង ០៤ម៉ែត្រ និងចាក់បេតុងជុំវិញឈាបនដ្ឋានចំនួន ២២៨ការ៉េ ចំណាយថវិកាសរុបអស់ចំនួន ៦០៨៥៥ដុល្លាសហរដ្ឋអាមេរិក។

នាមថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋទាំងអស់គ្នា លោកស្រី ម៉ននី រង្សី អភិបាលស្រុក្រឡាញ់ បានថ្លែអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកលោកស្រី ដែលជាសប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចំរើនថែមទៀត។ លោកស្រីសង្ឃឹមថា លោកលោកស្រីដែលជាសប្បុរសទាំងអស់ នឹងបន្តចូលរួមកសាងនូវសមិទ្ធផលទាំងនេះបន្ថែមទៀត តាមការជាក់ស្តែង និងសទ្ធាជ្រះថ្លា របស់លោកលោកស្រី នាពេលខាងមុខបន្តទៀត។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំស្រុក ក៏បានចូលរួមថវិកា ចំនួន ២០០ដុល្លារ ដល់គណៈកម្មការរៀបចំបុណ្យឆ្លងផងដែរ៕