ផ្លូវកៅស៊ូ ១ខ្សែ មានប្រវែង៣ពាន់ម៉ែត ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានបើកការស្ថាបនា និងជួសជុលឡើងវិញ

0

ខេត្តកំពង់ឆ្នាំង៖ ផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែ ដែលមានបាតក្រោមទទឹង ៨ម៉ែត្រ និងក្រាលកៅស៊ូទទឹង ៥ម៉ែត្រ មានប្រវែង ៣០០០ម៉ែត្រ ស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិកសា ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ដែលជាថវិការបស់រដ្ឋបាលខេត្ត។

ពិធីបើកការដ្ឋានជួសជុលនេះដែរ ប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានបញ្ជាក់ថា គម្រោងជួសជុលផ្លូវកៅស៊ូមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឱ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ខណៈដែលកន្លងមកផ្លូវមួយខ្សែនេះ បានទទួលរងការខូចខាតយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរ។ ចំពោះផ្លូវមួយខ្សែនេះដែរ ក៏ជាផ្លូវដ៏សំខាន់ក្នុងការបញ្ចៀសចរាចរណ៍មួយផ្នែកពីផ្លូវជាតិលេខ៥ ផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវតំណាងរាស្ត្រ និងព្រមទាំងក្រុមការងារ ក៏បានឧបត្ថម្ភអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលចូលរួមក្នុងកម្មវិធីបើកការដ្ឋាន ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាជូនស្រីមេម៉ាយជួបការលំបាកចំនួន ២៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាបន្ថែម ចំនួន ១០ម៉ឺនរៀល៕