សមណសិស្ស២០៨ អង្គប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេចជាស៊ីម ក្នុងឆ្នាំសិក្សា២០២២-២០២៣

0

បន្ទាយមានជ័យ៖ បេក្ខសមណៈ បេក្ខជនចំនួនសរុប ២១៣ អង្គរ/នាក់ រួមមានបេក្ខសមណៈសិស្សចំនួន ២០៨ អង្គ បេក្ខជនសិស្សប្រុស ៤ នាក់ សិស្សស្រី ១ នាក់បានប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យ សម្ដេចជាស៊ីមឆ្នាំសិក្សា២០២២-២០២៣ នាថ្ងៃទី ១៥ ខែ មិនាឆ្នាំ២០២២ នេះ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ការប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងធម្មការនិងសាសនាបានអនុញ្ញាត ឲ្យមានការបើកដំណើរការឡើងវិញ ពិធីសាសនាការជួបជុំនិងកម្មវិធីផ្សេងៗ បែបសាសនានិងដើម្បីរៀបចំការប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យនាពេលនេះឡើង ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 របស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ ការពារ “ពាក់ម៉ាស លាងដៃដោយជែល អាល់កុលនិងរក្សាគម្លាត” ឲ្យបានខ្ជាប់ខ្ជួនជានិច្ច បើសិនព្រះតេជគុណណាម្នាក់មានអាការៈមិនស្រួលខ្លួន ត្រូវឆាប់ផ្ដល់ដំណឹងដល់គណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡង ឲ្យបានទាន់ពេលវេលា។
លោក បៀវ ថាន បន្តថា សមណសិស្សដែលបាននិមន្តប្រឡងចូលរៀន ពុទ្ធិកអនុវិទ្យាល័យសម្ដេចជាស៊ីម នាថ្ងៃនេះគឺមានវិញ្ញាសារប្រឡងចំនួន ៤ មុខវិជ្ជា រួមមានវិញ្ញាសាភាសាបាលី វិញ្ញាសាសរសេរតាមអាន វិញ្ញាសាពុទ្ធវិន័យ និងវិញ្ញាសារគណិតវិទ្យា។ ក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្តលោក បៀវ ថាន បានធ្វើការអំពាវនាវដល់ព្រះតេជគុណព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើការអនុវត្ត តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលគឺចូលរួមអនុវត្តវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយនោះទេ ជាពិសេសមេរោគបំលែងថ្មីហៅថា អូមីក្រុង ដែលបច្ចុប្បន្នកំពុងរីករាលដាលស្ទើរគ្រប់ទីកន្លែងនិងរហ័សទៀតផង៕ដោយ៖ឃិន គន្ធា