ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់អំណោយមនុស្សធម៌ ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន៥៥គ្រួសារ ក្នុងឱកាសអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ

0

កំពង់ធំ: នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួម ចែកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥៥គ្រួសារ ក្នុងឱកាសអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ ។

បន្ទាប់ពីបានស្តាប់នូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អានដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមប្រធានបទៈ ពង្រឹងការផ្ដល់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ដែលមានអត្ថន័យធំធេងគ្របដណ្ដប់ទៅលើការងារថែទាំសុខភាពមាតា ទារក និងកុមារ និងសុខុមាលភាពក្នុងគ្រួសារ របស់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ ដោយសង្កត់ធ្ងន់ទៅលើស្រ្តីជាមាតា ដែលចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាល និងការថែទាំសុខភាពខ្លួនឯង និងទារក រហូតដល់ ទារកមានអាយុយ៉ាងតិច២ឆ្នាំ។

ពិធីសំណេះសំណាលដ៏មានអត្ថន័យនិងខ្លឹមសារល្អៗ ឯកឧត្តម ងួន រតនៈ បានផ្ដាំផ្ញើ ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភ ឲ្យបានត្រឹមត្រូវ ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ និងទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ពីម្ដាយទៅកូន ព្រមទាំងទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ។

សូមបញ្ជាក់ផងដែរថា សម្ភារផ្តល់ជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ក្នុង១នាក់ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១កញ្ចប់ ( កន្សែងពោះគោ ស្រោមដៃស្រោមជើង មុងគ្រប ម្សៅហ៊ុយ សាប៊ូកក់សក់ ទឹកដោះគោ ស្ករស) និងថវិកាចំនួន ៥ម៉ឺនរៀល ។