តម្លៃប្រេងសាំងតាមស្ថានីយប្រេងក្រុមហ៊ុនក្នុងខេត្តកំពត នៅធម្មតា ប៉ុន្តែតម្លៃតាមស្ថានីយប្រេងឯកជនហាក់ប្រែប្រួលតម្លៃខ្លះៗ

0

ខេត្តកំពត៖ ជាទូទៅតម្លៃប្រេងនៅតាមស្ថានីយរបស់ក្រុមហ៊ុននានា ក្នុងខេត្តកំពត ហាក់នៅធម្មតា ដោយឡែកនៅតាមស្ថានីយប្រេងឯកជនបែរជាមានតម្លៃខ្ពស់ជាងប្រេងលក់នៅតាមស្ថានីយក្រុមហ៊ុនក្នុង១លីត្រ ខុសគ្នាចាប់ពី៥០០៛ ទៅ៧០០រៀល។

ក្នុងដំណាក់កាលប្រេងសាំង ឬប្រេងម៉ាស៊ូតកំពុងឡើងថ្លៃ ដែលបណ្តាលមកពីសង្គ្រាមនៅក្រៅប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ត្រូវសម្រេចចិត្តជ្រើសរើសតែស្ថានីយប្រេងណាដែលលក់ធូរថ្លៃ ពិសេសស្ថានីយប្រេងឥន្ធនៈដែលរាប់រងដោយក្រុមហ៊ុនផ្សេងៗ។ប៉ុន្តែបើនិយាយពីស្ថានីយប្រេងឥន្ធនៈរបស់ឯកជន ដែលភាគច្រើនបើកអាជីវកម្មនៅគ្រប់បណ្តាស្រុក ក្រុង បែរជាមានហាងឆេងឡើងខ្ពស់ហួសពីការស្មាន ពោលគឺការលក់ដូរតាមហាងឆេងផ្ទាល់មាត់ ដោយពុំបានដាក់តាំងតម្លៃជាក់លាក់ ដូចស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុននោះឡើយ។

លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា បើទោះជាមានការចលាចលនៅក្រៅប្រទេស ទាក់ទិននឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែតម្លៃប្រេងនៅតាមស្ថានីយរបស់ក្រុមហ៊ុននានា នៅតែលក់ទៅតាមតារាងនៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ដែលក្រសួងបានធ្វើតារាងក្នុង១៥ថ្ងៃម្តង ពោលគឺគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។លុះថ្ងៃ១៦មីនាស្អែក នឹងមានតារាងថ្មី សម្រាប់ឱ្យក្រុមហ៊ុនលក់តាមតម្លៃដែលបានកំណត់ពីក្រសួងពាណិជ្ជកម្ម។លោកបានបញ្ជាក់ទៀតថា ជាទូទៅសម្រាប់តម្លៃប្រេងសាំងស៊ុបពែរ ក្នុង១លីត្រ មានតម្លៃ៥៣០០រៀល,សាំងធម្មតា ១លីត្រ ៤៨០០រៀល, ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤៥០០រៀល។

ទោះបីយ៉ាងណាតម្លៃប្រេងដែលលក់តាមការ៉ាសឯកជន(ប្រេងគ្រប់ប្រភេទ)ហាក់មានការប្រែប្រួលតាមតែការនឹកឃើញរបស់ម្ចាស់ស្ថានីយ ខណៈភាពចលលាចលរឿងបិទច្រកប្រេងនៅប្រទេសរុស្ស៊ី។យ៉ាងណាក៏ដោយថ្វីដ្បិតប្រេងមានតម្លៃលើសមុន ប៉ុន្តែអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទនៅតែបង្ខំចិត្តចាក់ប្រេងសាំង-ម៉ាស៊ូត សម្រាប់ជាមធ្យោបាយធម្មតា ដើម្បីធ្វើដំណើរទៅប្រកបការងារ អាជីកម្ម៕ សេង ណារិទ្ធ