ស.ស.យ.ក.រៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួននៅខេត្ដសៀមរាប

0

សៀមរាប៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការកណ្តាលរបស់ខ្លួន នៅខេត្ដសៀមរាប ដើម្បីឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា។កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល០៣ ថ្ងៃគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកាគណៈកម្មការធិការកណ្តាល និងភ្ញៀវកិត្តិយសចូលរួមផងដែរ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របពេលដែលកម្ពុជា សម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានដោយជោគជ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្តស្រោចវ៉ាក់សាំងតាមអភិក្រមផ្ការីកជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ឈានដល់ការសម្រេចបាននូវភាពសស៊ាំក្នុងសហគមន៍។ ជាមួយគ្នានោះ កិច្ចប្រជុំនៅពេលនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យសាធារណជន ជាតិ និងអន្តរជាតិ បានឃើញអំពីការបើកទំព័រថ្មីនៃតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌដ៏ល្អពិសិដ្ឋរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប បានប្រែមុខមាត់ថ្មីតាមរយៈការធ្វើទំនើបកម្ម និងការកែលម្អឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាង ១ឆ្នាំកន្លងទៅ។
ឯកឧត្ដម ហ៊ុន ម៉ានី បានចាត់ទុកថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៅពេលនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់នូវការចូលរួមគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលនានា ដែល ស.ស.យ.ក សម្រេចបានក្នុងរយៈពេល០៨ ខែកន្លងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសបញ្ជាក់ឱ្យឃើញនូវស្មារតីរួបរួមគ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ស.ស.យ.ក ដើម្បីបុព្វហេតុយុវជនក្នុងកិច្ចការមាតុភូមិទៀតផង ជាពិសេសការកំណត់ទិសដៅការងារដែលយើងត្រូវធ្វើក្នុងជំហានបន្ទាប់។ ដោយមើលឃើញភាពចាំបាច់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការងារសង្គម និងមនុស្សធម៌ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក។ ស.ស.យ.ក. ក៍ចូលរួមការពារ និងថែរក្សាអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ សន្តិភាព ស្ថិរភាព សេរីភាព សុវត្ថិភាពសង្គម លើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកតម្កើងកិត្តិនាមកម្ពុជា ក៏ដូចជាចូលរួមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍសមត្ថភាពយុវជន ការរួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ការលើកកម្ពស់សុខភាព និងវិស័យកីឡា ការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការពលរដ្ឋល្អ។ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថា អ្វីដែលយុវជនបានធ្វើ និងអ្វីដែលយុវជនត្រូវបន្តធ្វើ គឺបានរំលេចឱ្យឃើញនូវការបន្តមរតកស្មារតីយុទ្ធជន ២ ធ្នូ ដែលបង្កប់នូវស្នាមញញឹម និងក្តីសង្ឃឹមខ្ពស់ ដោយតម្រូវឱ្យយុវជនទាំងអស់រួមគ្នាជ្រោងទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្រោមម្លប់សន្តិភាព គ្រួសារ ស.ស.យ.ក ទូទាំងប្រទេស ត្រូវដកពិសោធន៍ពីដំណើរនៃសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលស្ថិតក្នុងថ្លុកឈាម គំនរឆ្អឹង និងការបំផ្លិចបំផ្លាញ ទៅជាប្រទេសដែលអាចទាញប្រយោជន៍ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល ដោយជឿថាខ្មែរធ្វើបាន ក្នុងការកសាងសង្គមមួយប្រកបដោយប្រជាជនទំនើប។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ជាអនុសាសន៍ជូនសមាជិក សមាជិកថា មហាគ្រួសារ ស.ស.យ.ក ត្រូវចាប់យកកាលានុវត្តភាពនេះក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករដ៏ស្មោះស្ម័គ្រ សាមគ្គីភាពរឹងមាំ និងសមត្ថភាពបរិបូណ៍ដើម្បី បន្តបំផុសស្មារតី និងឆន្ទៈ របស់យុវជន និងប្រជាជនឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យ បូរណភាពទឹកដី ការពារឱ្យបានដាច់ខាតនូវសន្តិភាពនិងសុខដុមរមនារបស់កម្ពុជា ចូលរួមឱ្យអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បន្តរួមចំណែកជាវិជ្ជមានតាមរយៈសកម្មភាពស្ម័គ្រចិត្ត ចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាង សមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត និងពូនជ្រំកសាងមូលដ្ឋានគ្រឹះសម្រាប់យុវជនជំនាន់ក្រោយ សំដៅរួមគ្នាបង្កើនមោទកភាពជាតិ និងបន្តកសាងសង្គមជាតិទំនើបមួយដ៏រស់រវើក ដើម្បីប្រែក្លាយជាអរិយប្រទេសប្រកបដោយនីតិរដ្ឋ ក្នុងសុខសន្តិភាព ស្ថិរភាព ចីរភាព សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ និងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅ និងការគិតគូរជឿនលឿន ទីក្រុងមានសោភណ្ឌភាព ប្រកបដោយផាសុកភាព ភាពបៃតង សុខដុមរមនា វឌ្ឍនភាព និងវិបុលភាព៕