រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាឧបករណ៍តេស្តរហ័សរកវីរុសកូវិដ-១៩ ពីអង្គការ រ៉ូតារី អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ

0

សៀមរាប: នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានទទួលអំនោយជាឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និង អង្គទីគ័រ ចំនួន ១ម៉ឺនគ្រឿង ដែលជាអំណោយរបស់អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក អ៊ា ឆេងស៊ី និង លោកស្រី លន់ ស៊ីគួង រស់នៅខេត្តត្បូងឃ្មុំ និងតាមរយៈសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ នៃខេត្តសៀមរាប។

លោក សាន ឡន ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តសៀមរាប បានឲ្យដឹងថា ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវិដ-១៩ និង អង្គទីគ័រ របស់អង្គការ រ៉ូតារី អន្តរជាតិ កូរ៉េ នៃសាធារណរដ្ឋកូរ៉េ ផ្តល់តាមរយៈ លោក អ៊ា ឆេងស៊ី និង លោកស្រី លន់ ស៊ីគួង រស់នៅខេត្តត្បូងឃ្មុំចំនួន ៤ម៉ឺនគ្រឿង ហើយត្រូវបានចែករំលែកជូនមកសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តសៀមរាប ចំនួន ១ម៉ឺនគ្រឿង ដើមី្បយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ទៅតាមតម្រូវការតាមការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលជំងឺកូវិដ-១៩ និងមេរោគបម្លែងថ្មី។

នាឱកាសនោះដែរ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សំខាន់បញ្ហាសុខមាលភាពសាធារណៈ និងខិតខំប្រឹងប្រែង ពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវិដ-១៩ និងមេរោគបម្លែងថ្មី អូមីក្រុង។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជា និងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរផងដែរ ។

លោកអភិបាលរងខេត្ត បន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវិដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់បងប្អូនសប្បុរសជន ក៏ដូចសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ខេត្តសៀមរាប បាននាំយកអំណោយឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវិដ-១៩ និង អង្គទីគ័រ របស់សប្បុរសជន ជូនដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ ម៉្យាងទៀតឧបករណ៍ធ្វើតេស្តរហ័សទាំងនេះ ក្រុមការងារនឹងធ្វើការបែងចែក ជូនទៅតាមបណ្តាក្រុង ស្រុក យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់៕កែសម្រួល៖ លោក អ៊ុន ណារាជ្យ