ជនសង្ស័យចំនួន៣នាក់ត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១.៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំនុចUTM (493180-1568873) ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នៅក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំងចំនួន ៦នាក់ រថយន្ត២គ្រឿង អាវុធAK47 ២ដើម ដឹកនាំកម្លាំងដោយលោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សាទុកនូវអាវុធគ្មានច្បាប់ មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ មានឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ចាប់យកវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៏សថ្លាសង្ស័យថ្នាំញៀនចំនួន ៦កញ្ចប់ (កញ្ចប់ធំចំនួន០១ និង០៥កញ្ចប់តូច) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKCកាត់ចំនួន ០១ដើម, គ្រាប់អាកា ៤៧ ចំនួន ២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់ M16 ចំនួន ០៥គ្រាប់, ដាវចំនួន ០២ដើម, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, លុយខ្មែរចំនួន ៥០០០០ម៉ឺនរៀល, កាណុងកាំភ្លើងច្នៃចំនួន ០២ ។

លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕ សួនលីណា