កិច្ចប្រជុំប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់កងឯកភាព ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ដោយប៊ុន រដ្ឋា

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការគ្រប់កងឯកភាពក្នុងការរៀបចំកងកម្លាំងដើម្បីសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង បានអានផែនការ ស្ដីពីការកំណត់គោលដៅការពារនិងការប្រើប្រាស់កម្លាំង ក្នុងកិច្ចសហការការពារសន្តិសុខសុវត្ថិភាព ជូនដល់មេបញ្ជាការគ្រប់កងឯកភាពនិងស្ថាប័ន ដែលមានការពាក់ព័ន្ធដើម្បីប្រុងប្រៀបអនុវត្តតាមផែនការដែលបានគ្រោងទុក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្ត្រ ដែលទទួលខុសត្រូវក្នុងការក្តាប់សភាពការណ៍ទូទៅ និងចាត់ចែងប្រើប្រាស់កម្លាំងសមស្របធានាបានសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកកំសាន្ត ក្នុងខេត្តកំពង់ធំ ទីពីរ៖ ត្រូវត្រៀមកងកម្លាំងដើម្បីជួយអន្តរាគមន៍នៅនិងកន្លែង ដោះស្រាយរាល់សភាពការណ៍ផ្សេងៗ ដែលកើតមានឡើងដូចជាករណីអគ្គីភ័យនិងគ្រោះមហន្តរាយផ្សេងៗឲ្យទាន់ ពេលវេលា ។
ទីបី៖ ត្រូវចាត់តាំងកម្លាំងផ្លាស់ប្ដូរវេនប្រចាំការ ប្រចាំបញ្ជា នៅក្នុងអង្គភាព២៤ម៉ោងលើ២៤ម៉ោង ដើម្បី ធានាដឹកនាំបញ្ជាដោះស្រាយសភាពការណ៍ផ្សេងៗ ដែលកើតមានឡើង នៅក្នុងអង្គភាព និងភូមិសាស្ត្រទទួលខុសត្រូវ របស់អង្គភាពនីមួយៗ និងទីបួន៖ ត្រូវចាត់តាំងការលេងល្បែងប្រជាប្រិយសប្បាយរីករាយនៅក្នុងអង្គភាព ដោយត្រូវ អនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ បីការ ពារនិងបីកុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន ៕