ពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្ត ប្រាង្គ ប្រាសាទរាម “ត្រាង” ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖សមិទ្ធផលនានាក្នុងវត្ត ប្រាង្គប្រាសាទរាម “ត្រាង” ឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវបានពិធីបុណ្យឆ្លង សម្ពោធដាក់ឲ្យប្រើប្រាស់ហើយនាថ្ងៃ ៣១ ខែមិនាឆ្នាំ ២០២២។ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីនេះ។
ក្នុងរបាយការណ៍របស់គណៈកម្មការវត្តបានឱ្យដឹងថា សមិទ្ធផលដែលបានដាក់សម្ពោធឆ្លងនាថ្ងៃនេះរួមមាន កុដិ១ខ្នង ទំហំ ៨m×១២m ២ជាន់ ចំណាយថវិកាអស់ ៧៥,៧០០ដុល្លារសហរដ្ឋអាមេរិក។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការរីកចម្រើនលូតលាស់សមិទ្ធផលនានាជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលិញ គឺជាកម្លាំងចលករមួយដ៏រស់រវើក របស់សង្គមជាតិយើង ដូចនេះការលុបបំបាត់ព្រះពុទ្ធសាសនានិងវត្តអារាម នៅអន្លង់របស់កម្ពុជាប្រជាធិបតេយ្យ គឺជាការបំផ្លាញរាល់តំលៃខាងស្មារតី សម្ភារៈរបស់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរជាទីបំផុត ធ្វើឲ្យឆន្ទៈមនុស្សម្នាក់ៗ ប្រកាន់ភាពហឹង្សាមកដាក់ខ្លួន ហើយរំលោភជិះជាន់កេងប្រវ័ញ្ច កាប់សម្លាប់ លួច ឆក់ ប្លន់ជាដើម។
លោក អោម ចន្ថា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាងនូវសមិទ្ធផលនានាក្នុងវត្ត នេះបានរួចរាល់ជាស្ថាពរទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការក៏ដូចជា កំណប់ទ្រព្យសម្រាប់ជាតិក្រោយៗផងដែរ។ ចុងក្រោយលោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើ ក៏ដូចជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការការពារអនុវត្តឲ្យបានតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន នៃជំងឺឆ្លងកូវីដ១៩ និងក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខនេះ។ដោយ៖ឃិន គន្ធា