សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

0

ភ្នំពេញើ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ ដែលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ហើយបានប្រើប្រាស់ពេលវេលាសាងសង់ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោតខ្ចប់ស្កត្នោត ពីព្រោះដោយសារតែទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោបានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារបានជាប់ខ្លួនជានិច្ច។ សម្ដេចតេជោបានអបអរសាទរចំពោះសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅនៅថ្ងៃនេះ។ សម្តេចតេជោបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ចាប់ពីពេលនេះតទៅ៕