សត្វជ្រូករស់ដឹកមកពីវៀតណាមជាង៤០ក្បាលត្រូវមន្ត្រីជំនាញបង្ក្រាបនៅស្រុកគីរីវង់

0

ខេត្តតាកែវ ៖ ស្ងាត់ៗមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មាក់បង្ក្រាបបានជ្រូករស់ជាច្រើនក្បាល ដែលឈ្មួញដឹកចេញពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាត នៅស្រុកគីរីវង់ ខេត្តតាកែវ ។

មន្ត្រីជំនាញបានឱ្យដឹងថា នៅម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមការ​បញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ​បានចាត់ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើស​ចលនា​សត្វ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ​ចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ 3A-4360 ដឹកសត្វជ្រូករស់ ចំនួន ៤៨ក្បាល ចេញ​ពីប្រទេសវៀតណាមតាមច្រក ​កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ ​បម្រុង​នឹងយក​ទៅចែកចាយ​នៅខេត្តតាកែវផ្ទាល់ ​ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដែលករណីនេះ មន្ត្រីជំនាញបានឃាត់នៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ​ស្រុកគីរីវង់ ខេត្តតាកែវ។

បច្ចុប្បន្នទាំងរថយន្តនិងសត្វជ្រូករស់ទាំង៤៨ក្បាល ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័ក​សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ​និងផលិតកម្មសត្វ នៅរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធី ៕ ពូស្មីត