ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយក្រុមហ៊ុនសុភក្តិនីកា អ៉ិនវេសមេនគ្រុប ខូ;អិលធីឌី ចុះសួរសុខទុក្ខកងទ័ពព្រំដែនមុខ

0

ខេត្តឧត្តរមានជ័យ: នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដមខាយ ឃុនហេង រដ្ឋលេខាធិកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយអ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុនសុភក្តិនីកា អ៉ិនវេសមេនគ្រុប ខូ;អិលធីឌី នឹងប្រតិភូក្រសួង បានអញ្ជើញចុះសួរសុខទុក្ខដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព កំពុងឈរជើងបំពេញភារកិច្ចនៅព្រំដែនមុខកម្ពុជា-ថៃ ទិសអន្លង់វែង នៃខេត្តឧត្តរមានជ័យ។

ក្នុងមតិស្វាគមន៍ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តាងនាមឲ្យនាយទាហាន នាយទាហានរង និងពលទាហាន បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនសុភក្តិនីកា អ៉ិនវេសមេនគ្រុបខូ;អិលធីឌី ដែលតែងតែបានឆ្លៀតឱកាសចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភគាំទ្រដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១។

ឧត្តមសេនីយ៍ទោ នាង ឃីម បានបន្តទៀតថា បើទោះបីជាដៃគូរសម្ព័ន្ធមេត្រីភាព បានខកខានជួបមុខគ្នាអស់រយៈពេល២ឆ្នាំមកហើយក្តី ដោយសារតែវិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តែអង្គភាពទាំងពីរសមរភូមិក្រោយ និងសមរភូមិមុខ នៅតែមានការទំនាក់ទំនងគ្នាជានិច្ចតាមរយៈប្រព័ន្ធទំនាក់ទំនងផ្សេងៗ។

ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានបន្ថែមទៀតថា ក្នុងវិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។ ហើយក្នុងនោះក្រុមហ៊ុនសុភក្តិនីកា អ៉ិនវេសមេនគ្រុប ខូ;អិលធីឌី របស់អ្នកឧកញ៉ា ម៉ក់ គឹមហុង ដែលជាដៃគូរសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងពលតូចថ្មើរជើងលេខ៤១ផងដែរនោះ ក៏បានទទួលរងការខាតបង់លើអាជីវកម្មរបស់ខ្លួនផងដែរ។ ឧត្តមសេនីយ៍ មេបញ្ជាការ តាងនាមឲ្យនាយទាហាន និងពលទាហាន បានសម្តែងនូវការសោកស្ដាយ ផងដែរ។ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានកាត់បន្ថយការរីករាលដាលឆ្លងក្នុងសហគមន៍ និងពិភពលោក ដោយសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដើម្បីបន្តជួយឧបត្ថម្ភ គាំទ្រ ដល់អង្គភាពយោធានៅព្រំដែនមុខ។

ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយសារតែឯកឧត្ដមមមាញឹកនឹងកិច្ចការងារជាច្រើន ទើបចាត់តាំងឲ្យឯកឧត្ដម ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងក្រុមហ៊ុនសុភក្តិកា អ៉ិនវេសមេនគ្រុប ខូ;អិលធីឌី ចុះសួរសុខទុក្ខកងទ័ពនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

ឯកឧត្ដមរដ្ឋលេខាធិការបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកទិញវ៉ាក់សាំង មកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាចាប់តាំងពីដូសទី១ រហូតដល់ដូសជំរុញជាបន្តបន្ទាប់ ដែលធ្វើឲ្យការឆ្លងរាលដាលនៃវិរុសកូវីដ-១៩ មានការថយចុះជាខ្លាំង រហូតឈានបើកប្រទេសជាតិឡើងវិញ។ បើទោះបីជាវិរុសកូវីដ-១៩មានការថយចុះយ៉ាងណាក្តី ឯកឧត្តមរដ្ឋលេខាធិការ បានបន្តផ្តាំផ្ញើដល់កងទ័ពទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ៣ការពារ និង៣កុំឲ្យបានជាប់ជាប្រចាំ ដើម្បីធានាសុខុមាលភាព ក្នុងបុព្វហេតុបំពេញភារកិច្ចការពារជាតិ និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវអំណោយឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមមានដូចជា ៖អង្ករ ២តោន ត្រីខ២៥កេស មីជាតិ ៣០០កេសឆៃប៉ូវ ៥០០គីឡូក្រាម ប្រេងឆា៤០០ដប ទឹកស៊ីអ៉ីវ២០០យួរ ទឹកត្រី២០០យួរ ស្ករស ៥០០គីឡូក្រាម អំបិល៤០០គីឡូក្រាម និងជូនថវិកាដល់កងទ័ពក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល។ ក្នុងនោះអ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុន សុភក្តិនីកា អុិនវេសមេនគ្រុប ខូ;អិលធីឌី បានឧបត្ថម្ភ គោយន្ត ៣គ្រឿង និងម៉ាស៊ីនដ្រូន សំរាប់ប្រើប្រាស់ក្មុងអង្គភាព កងពលតូចថ្មើរជើងលេខ៤១ផងដែរ៕ដោយ:ចាន់ ធី