អភិបាលខេត្តប៉ៃលិន ដាក់ការងារ៤ចំណុចដល់មេភូមិ អនុភូមិ និងសមាជិកភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

0

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។នៅក្នុងពិធីនោះដែរលោកស្រីអភិបាលខេត្ត បានចង្អុលបង្ហាញការងារចំនួន៤ចំណុច ដល់មេភូមិ អនុភូមិ និងសមាជិកភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយធ្វើការអនុវត្ត ឲ្យបានល្អប្រសើរ ដើម្បីប្រជាជនក្នុងមូលដ្ឋាន។ជាមួយគ្នានេះដែរលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះអាជ្ញាធរភូមិ បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។ ជាក់ស្ដែង ដូចដែលយើងគ្រប់គ្នាបានឃើញស្រាប់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍន៍រីកចំរើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។ហើយបញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់គឺទី១៖ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ទី២៖ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។
ទី៣៖ ក្តាប់ឲ្យបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឲ្យពួកគាត់ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ទី៤៖ ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចជាការងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិ ការងារជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ និងការអប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងក្នុងភូមិជាដើម។
លោកស្រីក៏បានណែនាំផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន៕អត្ថបទ ភ្នំខៀវ ប៉ៃលិន