មនុស្សប្រុសស្រីចំនួន៦ នាក់បានរងរបួសធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកត្រីបានបុករះកន្លែងលក់កាហ្វេមួយកន្លែង ក្នុងស្ថានីយ៍ប្រេងឥន្ធនៈដំរីសនៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង:នៅវេលាម៉ោង១០និង៤៥ ថ្ងៃទី ៥ខែមេសា ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឡើងដោយរថយន្តដឹកត្រីមួយគ្រឿងបានបុករះកន្លែងលក់កាហ្វេនិងម៉ូតូមួយគ្រឿង បណ្តាលអោយមនុស្ស ៦ នាក់បានរងរបួសធ្ងន់និងស្រាលត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទន:ដំរីស ស្ថិតក្នុងភូមិព្រៃកោះឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបាន
ឲ្យដឹងថាហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តដឹកត្រី១គ្រឿងពណ៍ស្លែពាក់ស្លាកលេខ កំពង់ឆ្នាំង.2B.96.79.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បើករថយន្តពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌
ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង.1D.16.53.ដែលបើកបរឆ្លងផ្លូវជាតិលេខ៥ក្នុងដំណើរពីកើតទៅលិចក្នុងដំណើរខ្វែងទិសគ្នា ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកស្រុករលាប្អៀរ បានបញ្ជាក់ឲ្យដឹងទៀត
ថាជនរងគ្រោះបើកបរម៉ូតូមាន ឈ្មោះ
ហាវ ណារិន ភេទប្រុសអាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្រោយមករថយន្តបានរេចង្កូតបន្តទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកBeatពណ៍ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង1L.66.55.ក្នុងដំណើរខ្វែងទិសគ្នាទៀត
ហើយបានបន្តទៅបុកតូបលក់កាហ្វេខាងមុខស្ថានីយ៍ប្រេងឥន្ទន:ដំរីស បណ្ដាលឲ្យមនុស្សចំនួន ៦ នាក់បាន
រងរបួសធ្ងន់និងស្រាលផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ដោយឡែកអ្នករងរបួសធ្ងន់និងស្រាលត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ក្រោយពេលកើតហេតុត្រូវបានសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុករលាប្អៀរដើម្បីស្រាវជ្រាវរកម្ចាស់ចូលឲ្យខ្លួនមកធ្វើការដោះស្រាយតាមនីតិវិធីផងដែរ៕
សុខ គឹមសៀន