លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ

0

កំពង់ធំ÷ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តាមគោលការណ៍ណែនាំពីលោកឧត្តមសេនីយទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក និងក្រុមការងារនៃស្នងការនគរបាលខេត្តកំពង់ធំ ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ។

ទន្ទឹមជាមួយការចុះផ្សព្វផ្សាយនេះ ក៏មានការចែកជូនមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋធ្វើដំណើរគ្មានមួកសុវត្ថិភាព ដែលឆ្លើយសំណួរត្រឹមត្រូវ ចំនួន ៣០មួក, ចែកជូនជាម៉ាស់ ១៣០០ម៉ាស់ និងកន្សែងអនុស្សាវរីយ៍ ២៨០កន្សែង ជាជំនួយមនុស្សធម៌របស់ជនជាតិកូរ៉េ។

លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថាសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់និងការបាត់បង់អាយុជីវិតរបស់បងប្អូន។ ពីមួយឆ្នាំទៅមួយឆ្នាំ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាលំដាប់ព្រមទាំងមានការបាត់បង់អាយុជីវិតដូច្នេះសូមចូលរួមគោរព នៅស្លាកសញ្ញាចរាចរណ៍ទាំងអស់គ្នា បើកបរដោយមានការទទួលខុសត្រូវខ្ពស់។

នាយកការិយាល័យចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើ សូមឱ្យបើកបរត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងដាក់ខ្សែក្រវ៉ាត់ដើម្បីការពារនៅពេលមានគ្រោះថ្នាក់ផ្សេងៗ។ពិសេសគឺចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បើកបរត្រូវតែបន្ថយល្បឿន ព្រមទាំងអត់ឱនឱ្យគ្នាទៅវិញទៅមកដើម្បីជៀសវាងពីការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។