អភិបាលខេត្តកំពង់ចាមចុះពិនិត្យវឌ្ឈនភាពនៃ​ការកសាងរូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនៅសួនច្បារមាត់ទន្លេ​

0

កំពង់ចាម:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​​អាជ្ញាធរ​មូលដ្ឋាន​ នារសៀល​ថ្ងៃទី​៧​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ បានអញ្ជើញចុះពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កសាង​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ដែល​ត្រូវ​បាន​យក​មក​តំកល់​នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម​។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានលើកឡើងអំពីប្រវត្តិ នៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណនេះ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។​

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” ដូចបច្ចុប្បន្នភាព នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ដូច្នេះដែរ ។

គួរ​បញ្ជាក់​ថា​ ​រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ​ ដែលបាន​កសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំងទេ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ ត្រូវ​បាន​យក​មក​តំកល់​នៅ​ចំណុចសួនច្បារមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម​ ដែលសម្រេចបានការសាងសង់ ស្ទើរ​តែ​១០០% ហេីយ​ ៕