បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញអញ្ជើញសាកសួរ សុខទុក្ខនិងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំ៖ ឧត្ដមសេនីយ៍ទោ ង្វៀន វ៉ាន់ណាម មេបញ្ជាការយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូ ខ័ណ្ឌទាំង១១របស់ទីក្រុងហូជីមិញ អញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំបណ្តាផ្នែកសឹករង ក្រង.ស្រុកទាំង៩និងវរសនាតូចទាំងពីរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានស្វាគមន៍ប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងគុណចំពោះលទ្ធផល នូវកិច្ចសហប្រតិបត្តិការរវាង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបានបញ្ជាក់ថា កន្លងមក បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានជួយក្នុងការកសាងអាគារចំនួន១២ខ្នង មានដូចជា ៖ដូចជាអាគារធ្វើការងារនៅតាមបណ្តាក្រុង-ស្រុកទាំង៨ និងកងវរសេនាតូចទាំងពីរ អាគារនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំពីរខ្នង ក្នុងនោះអាគារធ្វើការងារសម្រាប់ មេបញ្ជាការរងមួយខ្នងនិងអាគារទទួលភ្ញៀវស្នាក់នៅ១ខ្នង និងបានជួយឧបត្ថម្ភគ្រឿងបរិក្ខាពេទ្យសម្រាប់ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សម្រាប់ប្រើប្រាស់ ព្រមទាំងបានជួយឧបត្ថម្ភស្បៀងអាហារមាន៖ អង្ករ.មីនិងថវិកាមួយចំនួនទៀត សម្រាប់ជួយឧបត្ថម្ភ ដល់អតីតយទ្ធជននិងប្រជាពលរដ្ឋក្រីក្រផងដែរ ។

ឧត្ដមសេនីយ៍ទោ ង្វៀន វ៉ាន់ ណាម បានកោតសរសើរអំពីការអភិវឌ្ឍន៍រីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន រួមទាំងបាន អគុណតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមជាកងទ័ពនៃប្រទេសជិតខាង កម្ពុជានិងវៀតណាម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងក្រុមគ្រួសារ សូមទទួលបាននូវសេចកីសុខ សេចកីចម្រើន នឹងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
នៅក្នុងឱកាសនេះផងដែរ ប្រតិភូនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការកែលម្អ សោភ័ណភាពក្នុងទីតាំងអង្គភាពផងដែរ ៕ដោយ ប៊ុន រដ្ឋា