យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងស្រុកពួក

0

សៀមរាប: លោក សោម វិរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មនុស្សចំនួន ៥នាក់ បានស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរងយន្តដឹកអ្នដំណើរ បុកជាមួយម៉ូតូ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨ និង៣៣៩ ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

លោក សោម វិរៈ បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ព៌ណស ពាក់ផ្លាកលេខ បាត់ដំបង ២A-៩៨១៨ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានដឹកមនុស្សចំនួន ២២នាក់ ស្រី ១៧នាក់ បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក Zoomer X ព៌ណទឹកទឹកក្រូច ពាក់ផ្លាកលេខ សៀមរាប ១X-៣៦៨៧ បើកបរដោយយុវជនចំនួន ៣នាក់ បានបើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្របពេលជាមួយរថយន្តខាងលើកំពុងធ្វើដំណើរក្នុងស្ថានភាពលឿនផងនោះ ក៏បានបុកគ្នាពេញទំហឹងតែម្ដង។

លោកបន្តថា ករណីនេះបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ៥នាក់៖ ទី១.ឈ្មោះ អេង ជើត ភេទប្រុស អាយុ ២១ឆ្នាំ, ទី២.ឈ្មោះ ឡាន ស្រីលឹម, ទី៣.ឈ្មោះ ឡាន ស្រីលួម មានទីលំនៅក្នុងភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ដែលជាអ្នកធ្វើដំណើរតាមម៉ូតូ, ទី៤.ឈ្មោះ រួន ភីរុន ភេទប្រុស អាយុ ៥០ឆ្នាំ និង៥.ឈ្មោះ ភីរម្យ វត្តី ភេទស្រី អាយុ ៦ឆ្នាំ មានទីលំនៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នកធ្វើដំណើរដោយរថយន្ត)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការពិនិត្យ នឹងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយមូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចណ៍នេះ គឺដោយសារអ្នកម៉ូតូបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងអ្នកបើកបររថយន្តស្ថិតក្នុងល្បឿនលឿន។ បច្ចុប្បន្នរថយន្ត និងម៉ូតូបង្ក ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ឯសាកសពបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕