អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​ភាព​អព្យាក្រឹត​ក្នុង​ការ​អនុវត្ត​តួនាទី​​ការពារ​​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​​

0

កំពង់ចាម​:​ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១១​ ខែមេសា​ ឆ្នាំ​២០២២​នេះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​ប្រកាន់​ខ្ជាប់​​នូវ​ភាព​អព្យាក្រឹត​ក្នុង​ការ​អនុវត្ត​តួនាទី​​ការពារ​​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​នាពេល​​ខាងមុខនេះ​​​ ជាពិសេស​ត្រូវ​ផ្តល់​ភាព​សហការ​ ឬបង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​នានា​ ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ដោយ​គ្មាន​ការ​រេីសអេីង​ផងដែរ​ ។

ក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​សូម​ឲ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​​ និង​អជ្ញាធរ​ក្រុង-ស្រុកទាំងអស់​ ត្រូវ​រៀបចំ​តុបតែង​លម្អ​ដាក់​ចង​បដា​ក្នុង​អត្ថន័យ​​ទទួលស្វាគមន៍ឆ្នាំថ្មី​ ​ទេពធីតាសង្ក្រាន្ត​ព្រះនាម​ « កិរិណីទេវី »​ នៅតាម​កន្លែង​ធ្វើការ​និមួយៗ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សោភ័ណ្ឌភាព​ស្រស់ស្អាត​ ជាពិសេស​ត្រូវ​ជំរុញ​ដល់​យុវជន​ឲ្យ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​​ នៅតាម​ទី​វត្តអារាម​ ឬ​កន្លែង​កម្សាន្ត​នានា​ទៀត​ផង​ ។
ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរខាងមុខ​នេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ទទួល​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​-១៩​ ហេីយ​មន្ត្រី​សុខាភិបាល​ត្រូវ​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​អញ្ជេីញ​មក​ទទួល​វ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន​ និង​ដូស​ជំរុញ​ផងដែរ​ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏​បាន​ណែនាំ​ឲ្យ​មានការ​រៀបចំ​នៅ​តាម​បណ្ដា​ក្រុង​-ស្រុក​និមួយៗ​ ត្រូវ​មាន​កម្លាំង​ប្រចាំ​បញ្ញា​ ដេីម្បី​តៀម​អន្តរាគមន៍​នៅ​ពេលដែល​មាន​ហេតុការណ៍​ផ្សេងៗ​កេីតឡេីង​ជាយថាហេតុ​ ក្រៅពីនោះ​ចំពោះ​មន្ទីរ​អង្គភាព​និមួយៗ​ ត្រូវ​រៀបចំ​ពិធី​​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ តាម​រយៈ​សិល្បៈ​ចែករំលែក​ ដេីម្បី​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃក្នុង​ ឲ្យ​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ផងដែរ​ ៕ ​