ឧត្តមសេនីយ៍ទោ សោម ស៊ុន បំពាក់ឯកសណ្ឋានជូនប្រជាការពារ នៅឃុំបន្ទាយស្ទោង

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញសំណេះសំណាល ក្នុងពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១៥០នាក់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីគោលបំណង នៃការបំពាក់ឯកសណ្ឋានជូនប្រជាការពារ គឺដើម្បីជម្រុញឲ្យ ចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលខាងមុខ ។
បន្ទាប់ពីលោកសូត្រ អ៊ុល ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង បានបញ្ជាក់ពីស្ថានភាពការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់អាជ្ញាធរដែនដី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និង ប្រជាការពារនៅក្នុងឃុំបន្ទាយស្ទោងទាំង១៥ភូមិ ដែលបានសហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការបំពេញភារកិច្ចការ ពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងពិធីអាពាហ៍ពិពាហ៍ ឬបុណ្យទានផ្សេងៗ នៅតាមវត្តអារាម ដែលជាការរួមចំណែកក្នុងការអប់រំប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍ នូវវិធានការការពារទប់ស្កាត់ការ ឆ្លងជំងឺកូវីដ-១៩ ផងដែរ ។

និងបានសំណូមពរដល់ប្រជាការពារ ត្រូវបន្តសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ៣០នាក់បន្ថែមទៀត រួមទាំងឧបត្ថម្ភថវិកាជូនប្រជាការពារទាំង១៥០នាក់ ផងដែរ ។

ប្រជាការពារបានអំណរគុណឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារដែលបានយក ចិត្តទុកដាក់ដោះស្រាយសំម្លៀកបំពាក់ជូនប្រជាការពារជារៀងរាល់ឆ្នាំកន្លងមក និងសូមគោរពជូនពរក្រុមការងារទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះសូមទទួលបាន នៅសេចក្តីសុខសេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា