លោកប៊ិន ឃ្លឿនមេភូមិជីក្រែងចាស់និងបក្សពួករងការចោទប្រកាន់ថារួមគំនិតគ្នាទិញលក់ដីអ្នកដទៃបំពានច្បាប់

0

សៀមរាប=យោងតាមសម្តីរបស់លោកអេង រុំានិងអ្នកស្រីស៊ុំ ហ៊របច្ចុប្បន្នរស់នៅភូមិជីក្រែងចាស់ឃុំជីក្រែងស្រុកជីក្រែងថាលោកប៊ិន ឃ្លឿនមេភូមិជីក្រែងចាស់ និងបក្សពួកបានឃុបខិតគ្នាទិញលក់ដីរបស់លោកបានទិញពីម្ចាស់ឈ្មោះស៊ាប ហឿងបច្ចុប្បន្នរស់នៅភូមិសន្ដាន់ឃុំជីក្រែងស្រុកជីក្រែងតាំងពីឆ្នាំ២០០២ព្រមទាំងធ្វើប្លង់កម្មសិទ្ធបណ្ដោះអាសន្នឬប្លង់ទន់ដោយបានចុះហត្ថលេខានិងបោះត្រាបញ្ជាក់ទទួលស្គាល់ដោយលោកប៊ិន ឃ្លឿនជាមេភូមិនៅថ្ងៃទី០៧ខែ១១ឆ្នាំ២០០២និងអ្នកស្រីឮ ចិន្ដាមេឃុំជីក្រែងក៏បានចុះហត្ថលេខានិងបោះត្រាទទួលស្គាល់ថាដីដែលមានទំហំ29*30ដែលមានព្រំប្រទល់ខាងជើងទល់នឹងឈ្មោះសាត់រេតខាងត្បូងទល់នឹងផ្លូវរទះខាងកើតទល់នឹងផ្លូវរទះខាងលិចទល់នឹងផ្លូវលំគឺជាកម្មសិទ្ធរបស់លោកអេង រាំុ និងអ្នកស្រីស៊ុំ ហ៊រ។លោកអេង រាំុបានប្រាប់អ្នកសារព័ត៌មានថាស្រាប់តែឆ្នាំ២០២២នេះដីរបស់លោកព្រំប្រទល់ខាងលិចជាប់នឹងជ្លូវលំត្រូវបានគេលក់ទទឹងប្រហែល៤ម៉ែត្រកាត់មុខផ្ទះរបស់លោក ធ្វើអោយលោកនិងក្រុមគ្រួសារមិនអាចចេញទៅផ្លូវធំបាន។លោកបានបន្តថាលោកធ្លាប់បានប្រាប់មេភូមិនិងមេឃុំដែលជាម្ចាស់ហត្ថលេខា និងត្រាដែរ។ ប៉ុន្តែគ្មានការអន្តរាគមន៍ធ្វើការដោះស្រាយបញ្ហានេះទាល់តែសោះ។ទាក់ទងករណីចោទប្រកាន់ខាងលើនេះអ្នកសារព័ត៌មានបានទូរស័ព្ទទៅលោកប៊ិន ឃ្លឿនដើម្បីបំភ្លឺ លោកប៊ិន ឃ្លឿបានឆ្លើយថាដីនោះពិតជាបានលក់មែនគឺលោកសិម ឡា បានលក់ទៅឱ្យលោកស្រី ភន់ដែលជាអនុភូមិ ភូមិជីក្រែងចាស់រីឯប្លង់ដែលលោកចុះហត្ថលេខានិងបោះត្រាគឺធ្វើសម្រាប់យកលុយអង្ការមិនអាចយកជាផ្លូវការបានទេ។អ្នកសារព័ត៌មានទូរស័ព្ទទៅលោកសិមឡា លោកសិម ឡាបានប្រាប់ថាលោកពិតជាបានលក់ដីនោះទៅអោយលោកស្រី ភន់ដែលជាអនុភូមិ ភូមិជីក្រែងចាស់មែនព្រោះប្រឡាយមាត់ថ្លល់លោកបានទិញពីឈ្មោះស៊ាងជាពេទ្យសាត់នៅភូមិជីក្រែងចាស់បច្ចុប្បន្ននេះ។លោកស៊ាងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោកពិតជាបានលក់ដីប្រឡាយមាត់ថ្នល់នោះទៅអោយលោកសិម ឡាមែនព្រោះដីនោះគឺជាដីកេរ្តិ៍មរតករបស់លោកតាំងពីដូនតា។ដើម្បីអោយអស់ការសង្ស័យអ្នកសារព័ត៌មានទូរស័ព្ទទៅអ្នកស្រីស៊ាប ហឿងដែលលោកអេង រាំុនិងអ្នកស្រីស៊ុំ ហ៊រអះអាងថាបានលក់ដីនេះអោយពួកគាត់តាំងពីឆ្នាំ២០០២។អ្នកស្រីស៊ាប ហឿងអះអាងថាគាត់ពិតជាបានលក់ដីនេះទៅអោយឈ្មោះអេង រាំុនិងស៊ុំ ហ៊រតាំងពីឆ្នាំ២០០២មែនព្រោះដីនេះគឺជាដីរដ្ឋចែកអោយអ្នកស្រីតាំងក្រោយថ្ងៃរំដោះថ្ងៃ៧មករាឆ្នាំ១៩៧៩មកម្ល៉ះ។អ្នកស្រីបញ្ជាក់ទៀតថាដីនៅចំណុចនោះបែងចែកជាពីរខាងកើតផ្លូវលំគឺជាដីរបបភូមិសន្ដាន់ខាងលិចផ្លូវលំគឺដីរបបភូមិជីក្រែងចាស់ ដីដែលអ្នកស្រីលក់គឺនៅខាកើតផ្លូវលំគឺដីរបបរស់ភូមិសន្ដាន់ រីឯលោកស៊ាងគឺជាអ្នកភូមិជីក្រែងចាស់មិនត្រូវនិយាយថាជាដីកេរ្តិ៍ដូនតានោះទេ។រីឯប្រឡាយនោះគឺជារបបរបស់អ្នកស្រីប៉ុន្តែប្រឡាយនេះតាំងពីរដ្ឋចែកមកមិនដែលអ្នកណាធ្វើស្រែនោះទេព្រោះវាគឺជាប្រព័ន្ធទឹកសម្រាប់បិទបើកទឹកបញ្ជូស្រែ។ជាចុងក្រោយលោកអេង រាំុ និងអ្នកស្រីស៊ុំ ហ៊រសំណូមពរអោយអ្នកស្រី់ឮ ចិន្ដាមេឃុំជីក្រែងនិងមន្ត្រីជំនាញខាងដោះស្រាយជម្លោះដីធ្លីមេត្តាជួយដោះស្រាយនិងរកយុត្តិធម៌ជូនពួកគាត់ផង។
ស្រុកជីក្រែង(អ៊ុក ផ្លុង)