អភិបាលខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងនាំអំណោយផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ខេត្តឧត្តរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយថវិកា សម្ភារៈ ទៅផ្តល់ជូនអង្គភាពស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២។

នៅក្នុងឱកាសនេះដែរ លោក ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូននាយ នាយរង និងពលនគរបាលទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សូមមានសុខភាពល្អគ្រប់ៗគ្នា។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានណែនាំដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះត្រូវត្រៀមលក្ខណៈជាប់ជានិច្ច ចំពោះរថយន្តពន្លត់អគ្គីភ័យ ដើម្បីត្រៀមសង្គ្រោះឱ្យទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តនាំមកនាពេលនេះមានអង្ករចំនួន ៣តោន, ត្រីខចំនួន ០៥កេស, មីចំនួន ៥០កេស, ទឹកសុទ្ធ Cambodia ចំនួន ៥០កេស, ទឹកត្រីចំនួន ១០យួរ, ទឹកស៊ីអ៊ីវចំនួន១០ យួរ, ភេសជ្ជៈស្ទីងចំនួន០៥កេស, ទឹកក្រូច Fanta និងកូកាកូឡាដបធំ ០៥កេស និងភេសជ្ជៈ មួយចំនួនផ្សេងទៀត រួមទាំងថវិកាមួយចំនួនផងដែរ៕ដោយ:ចាន់ ធី