ផ្ទុះប៊ីដុងសាំងពេលភ្លើងឆេះផ្ទះលក់ចាប់ហ៊ួយបណ្តាលអោយរបួសអ្នកចូលជួយជាច្រើននាក់

0

ខេត្តបាត់ដំបង ÷ មានប្រជាពលរដ្ឋជាច្រើននាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានអគ្គីភ័យមួយបានកើតឡើងហើយបានផ្ទុះប៊ីដុងសាំង ស្រោចទៅលើក្រុមមនុស្សដែលព្យាយាមចូលទៅជួយ។

ករណីអគ្គីភ័យនេះបានកើតឡើង កាលពី ថ្ងៃទី១២ ខែមេសា​ ឆ្នាំ​២០២២ វេលា​ម៉ោង៨យប់ នៅចំណុចក្រុម​ទី​១៨ ភូមិព្រៃស្វាយ​ ឃុំព្រៃស្វាយ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​  ។

ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះជារបស់ឈ្មោះ​ ហុិន​ សាក់​ ភេទប្រុស​ អាយុ៥៣ឆ្នាំ​ ដែលជាផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយធ្វើអោយផ្ទុះប៊ីដុងសាំង ធ្វើអោយអណ្តាតភ្លើងជះស្រោចទៅលើ អ្នកចូលទៅជួយបង្កអោយរងរបួស ធ្ងន់ចំនួន​៥ នាក់ ដែលមានឈ្មោះដូចខាងក្រោម ១.ឈ្មោះ​ ជិន​ ជឿម​ ភេទប្រុស​ អាយុ​៥៥ឆ្នំា​ មានទីលំនៅភូមិព្រៃព្រាល​ ឃុំព្រស្វាយ ​ស្រុកមោងឬស្សី​ ២.ឈ្មោះ​ មុត​ ដេត​ (ហៅធា​ )ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ រស់នៅភូមិ​ព្រៃព្រាល​ ឃុំ​ព្រៃស្វាយ​ ស្រុក​មោង​ឫស្សី​ ៣.ឈ្មោះ​ ឡាយ​ ស្រី​ណូ​ ភេទស្រី​ អាយុ​២៩ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃស្វាយ​ ឃុំ​ព្រៃស្វាយ​ ស្រុក​មោង​ឫស្សី​ ៤.ឈ្មោះ​ ឃួន​ សំណាង​ ភេទប្រុស​ អាយុ​៤១​ ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃស្វាយ​ ឃុំ​ព្រៃស្វាយ​ ស្រុក​មោង​ឫស្សី​ និង ៥.ឈ្មោះ​ សួង​ ញ៉ាន​ ភេទប្រុស​ អាយុ​៤៥ ឆ្នាំ​ រស់នៅភូមិព្រៃព្រាល​ ឃុំព្រស្វាយ​ ស្រុកមោងឬស្សី​ ។

តាមការអះអាងពីម្ចាស់ផ្ទះបានបញ្ជាក់ថា ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី រីឯទ្រព្យ​សម្បត្តិ ខូចខាតអស់មួយចំនួន​ សរុប​ជាទឹកប្រាក់​ប្រហែល​៣.៥០០ ដុល្លារ។

នៅក្នុងហេតុការណ៍នេះដែរ គឺកម្លាំងបានប្រើប្រាស់ រថយន្តទឹកចំនួន៥គ្រឿង ដែលមានរថយន្ត អគ្គីភ័យរបស់អធិ​ការដ្ឋាននគរបាលស្រុកមោងឬស្សី ចំនួន១ គ្រឿង  រថយន្តពន្លត់អគ្គីភ័យរបស់អធិ​ការរដ្ឋាននគរបាលស្រុករុក្ខគីរីចំនួន១​ គ្រឿង និងរថយន្តដឹកទឹករបស់ ប្រជាពលរដ្ឋចំនួន៣​ គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍នេះបាន៕ អត្ថបទ : ព្រាប.ស