បុរសម្នាក់រអិលជើងធ្លាក់ចូលអាំងក្រពើ ត្រូវសត្វក្រពើខាំ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

សៀមរាប៖ បុរសម្នាក់ធ្លាក់ចូលអាងក្រពើត្រូវសត្វក្រពើខាំជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយកំពុងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ដែលហេតុការណ៍នេះកើតឡើងនៅវេលានៅចន្លោះម៉ោង១យប់ ថ្ងៃច័ន្ទទី១៨ ខែ មេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះ មានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ/ឃុំកើតហេតុខាងលើ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុកពួក។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើ ហើយតែងតែដេកអង្រឹងលើរោងទ្រុងក្រពើតែម្នាក់ឯង។ លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណ ១កេះ ហើយក៍បែកគ្នារៀងៗខ្លួន។ រីឯជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ ០១យប់ គេលឺសំលេងស្រែកដល់ផ្អើលអ្នកផ្ទះជិតខាង និងអ្នកក្នុងផ្ទះ ក៏នាំគ្នាក្រោកទៅមើលចំណុចកើតហេតុរោងដេកលើទ្រុងក្រពើនោះ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយពួកគេនាំគ្នាយកឈើជួយវាយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យភ្លាមៗ។

យោងតាមសមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ ឃើញថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ដោយឡែកទ្រុងដែលជនរងគ្រោះធ្លាក់ចូល គឺទ្រុងទំហំ ១០x១២ម៉ែត្រ ក្នុងនោះមានសត្វក្រពើធំៗប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចក្រោកទៅនោមរអិលជើង ធ្លាក់ចូលក្នុងអាងសត្វក្រពើតែម្ដង៕