សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ពាក់ពន្ធ័ករណីរំលោភសម្លាប់

ខេត្ដឧត្ដរមានជ័យ៖ ករណីឃាតកម្ម រំលោភសម្លាប់ នៅសង្កាត់អូរស្មាច់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បំបែកបានសម្រច ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់។

ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ ស្នងការ នគរបាលជាតិ មានការសម្របសម្រួល ពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយនិងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម(រំលោភសម្លាប់) នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង ០២ នាក់ ខាងលើនេះរួច ពួកគេបានសារភាពថា៖ គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ ។ បន្ទាប់មក រហូតដល់ម៉ោង ២៖០០នាទី ឈានចូលថ្ងៃទី១៩ កម្លាំងជំនាញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត មានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង ០៣ នាក់ ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា៖ រូបខ្លួនទាំង ០៣ នាក់ ពិតជាបានធ្វើសកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣៖០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី រំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ជនរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ:ចាន់ ធី