សហគមន៍ព្រៃឈើ ត្រពាំងក្បាលខ្មោចផ្ដល់ សារៈប្រយោជន៍ជាច្រើន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នៅក្នងឃុំសាលាវិស័យ

ខេត្តកំពង់ធំ៖ សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោច ស្ថិតក្នុងភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ៦២ មានប្រវែងប្រមាណ១៥គីឡូម៉ែត្រ ពីផ្លូវបំបែកខេត្តសៀមរាប ខេត្តព្រះវិហារ ផ្លូវបត់ចូលត្រង់ចំណុចគីឡូម៉ែត្រលេខ១៥។

លោក មាន មុំ ប្រធានសហគមន៍បានប្រាប់ឲ្យដឹងថា សហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោចនេះនេះបង្កើតឡើង ដោយមានការសហការនិងគាំទ្រដោយអាជ្ញាធរភូមិ/ឃុំ ស្រុក/ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្ថាប័ន រដ្ឋបាលព្រៃឈើ កងកំលាំងទាំងបី ព្រមទាំងអង្គការដៃគូជាច្រើនទៀតចូលរួមផងដែរ។ហើយសហគមន៍ព្រៃឈើនេះបង្កើតឡើងនៅឆ្នាំ២០០៣ មកម្លេះ! មានផ្ទៃដីសរុបប្រមាណ៩០៩ហិតា។

លោក មាន មុំ បានបន្តទៀតថា ទាក់ទងនឹង ការបង្កើតសហគមន៍នេះ ដោយយល់ឃើញថា វាមានសារៈប្រយោជន៍សំខាន់ សម្រាប់មនុស្សសត្វ រុក្ខជាតិទាំងឡាយដែលស្ថិតក្នុងការគ្រប់គ្រង នៃដែនសហគមន៍មួយនេះ ជាពិសេសចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ថែរក្សាប្រភេទដើមឈើព្រៃផ្សេងៗ ជាជម្រកសត្វស្លាប ឬ ប្រភេទសត្វព្រៃ។ ម្យ៉ាងវិញទៀតផលប្រយោជន៍ដែលទទួលផលអនុផលព្រៃឈើរួមមាន ផ្សិត ផ្លែគុយ ផ្លែល្ពាក់ ផ្លែព្រីង ផ្លែរំដួល ផ្លែសេមាន់។ល។ ដែលផ្លែឈើព្រៃទាំងនេះ សមាជិកសហគមន៍ក៏ដូចជាប្រជាពលរដ្ឋទូទៅមកបេះយកមកទទួលទាន ឬយកទៅលក់ដូរសម្រាប់ដោះស្រាយជីវភាព បានមួយកម្រិតផងដែរ។

លោកសូមអំពាវនាវ ដល់សមាជិកសហគមន៍ ក៏ ដូចជាប្រជាពលរដ្ឋទាំងអស់ ខិតខំធ្វើយ៉ាងណាជួយថែរក្សាការពារព្រៃសហគមន៍នេះឲ្យបានគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ ទៅថ្ងៃខាងមុខ ក្នុងនោះមានជាអាទិ៍៖
សូមកុំកាប់រុករាន បំផ្លាញ ព្រៃឈើហាមឃាត់ក្នុងព្រៃសហគមន៍។ សូមកុំបរបាញ់ ឬ ដាក់អន្ទាក់សម្លាប់សត្វព្រៃ សត្វស្លាប និង ការឆក់ត្រីក្នុងស្ទឹង ជាដើម។ ចំពោះការបេះផ្លែឈើព្រៃទាំងឡាយសូមចូលរួមថែរក្សាដើម ទាំងនោះដើម្បីទុកទទួលផលបន្តនាពេលក្រោយទៀត។

ម្យ៉ាងវិញទៀតសហគមន៍ព្រៃឈើត្រពាំងក្បាលខ្មោចនេះមានផ្លូវចូល មានដងស្ទឹងគេហៅថាដងស្ទឹងព្រៃប្រស់ តទៅមុខអាចបង្កើតជាកញ្ចុះលំហែកាយ ជំរំបោះតង់សម្រាកស្នាក់នៅកំសាន្តទៅថ្ងៃខាងមុខបាន។លោក សូមសំណូមពរស្ថាប័នមន្ទីរពាក់ព័ន្ធ អាចជួយចូលរួមជាមួយសហគមន៍ដើម្បីបង្កើតកន្លែងនេះ ទៅជាតំបន់លំហែទេសចរណ៍ធម្មជាតិមួយទៅថ្ងៃខាងមុខ។