អគារហូបបាយមួយខ្នងត្រូវបានជួយឧបត្ថម្ភពី ជូនដល់បញ្ជាការដ្ឋានផ្នែកសឹករងក្រុងស្ទឹងសែន

0

ដោយ ប៊ុនរដ្ឋា
ខេត្តកំពង់ធំ៖ អគារហូបបាយមួយខ្នង ដែលមានប្រវែងទំហំទទឹង៤.៥០ម និងបណ្តោយ១២ម ត្រូវបានគណៈបញ្ជាការយោធាខណ្ឌទី៥ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ជួយឧបត្ថម្ភជូនដល់បញ្ជាការដ្ឋានផ្នែកសឹករងក្រុងស្ទឹងសែន សម្រាប់ទទួលភ្ញៀវ និងជាកន្លែងពិសារបាយរបស់កងកម្លាំង ។
ខណៈកំពុងតែសាងសង់ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះពិនិត្យសំណង់អគារ ដែលត្រូវបានសាងសង់ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន បានបញ្ជាក់ថាអគារដែលកំពុងតែសាងសង់នេះ ត្រូវបានសាងសង់ពីឥដ្ឋ ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី សម្រាប់ជាកន្លែងទទួលភ្ញៀវផង និងជាអាគារសម្រាប់ហូបបាយសមូហភាពរបស់យោធិននៅផ្នែកសឹករងក្រុងស្ទឹងសែនផង ចំណែកការសាងសង់ គឺត្រូវបានប្រើប្រាស់កម្លាំងពលកម្មដោយយោធិននៅក្នុងផ្នែកសឹករងក្រុងស្ទឹងសែន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំ និងយោធិនផ្នែកសឹករងក្រុងស្ទឹងសែន ដែលមានភាពសាមគ្គីគ្នាបានល្អ ទាំងកិច្ចការអង្គភាព ការងារបង្កបង្កើនផលចិញ្ចឹមសត្វដោះស្រាយជីវភាពយោធិននៅក្នុងអង្គភាព និងក្រុមគ្រួសារ បន្ថែមលើគោលរបបដែលថ្នាក់លើបានកំណត់ និងបានកកសាងសមិទ្ធផលថ្មីៗជាច្រើនទៀតនៅក្នុងអង្គភាព ធ្វើឱ្យមានការរីកចម្រើន និងជាប់ចំណាត់ថ្នាក់ក្នុងចលនាប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ របស់យោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានដាក់ចេញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់យោធិនទាំងអស់និងក្រុមគ្រួសារ ត្រូវបន្តការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការបីការពារ និង បីកុំ របស់សម្ដេចតេជ
ហ៊ុន សែន ។