កិច្ចប្រជុំស្តីពីលទ្ធផលយុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើ ខេត្តសៀមរាប

0

សៀមរាប: នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ មានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃយុទ្ធនាការ ចុះបង្រ្កាប បទល្មើសជលផល និងបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់អស់លោកជាសមាជិក អនុគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបខេត្ត។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាគន្លឹះដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសជំរុញដល់សេដ្ឋកិច្ចជាតិឲ្យមានការរីចម្រើនលើគ្រប់វិស័យ។ ក្រៅពីកិច្ចអភិវឌ្ឍន៍ខេត្ត ឯកឧត្តមក៏បានលើកបញ្ហាដែលមានលក្ខណៈស្មុគស្មាញមួយចំនួន ដែលគណៈបញ្ជាការឯកភាពខេត្តសៀមរាបត្រូវបន្តពង្រឹងការដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ម៉ឺងម៉ាត់ ប្រសិទ្ធភាព និរន្តរភាព និងសុខសន្តិភាព ត្រូវបានរដ្ឋបាលខេត្តសៀមរាប កងកម្លាំងសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានអនុវត្ត និង ចាត់វិធានការមួយចំនួន បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្តសៀមរាប បានឯកឧត្តមបន្តថា ខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ នៅមានភ្នំគូលែន និងបឹងទន្លេសាប ដែលយើងត្រូវរួមគ្នាអភិក្សការពារឲ្យបានល្អប្រសើរ។

បើតាមលោក ទា គឹមសុទ្ធ បានបញ្ជាក់ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយបានលើកឡើងថា ក្នុងរយៈពេល០៤ខែដើមឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះខេត្តសៀមរាប ដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ បានធ្វើការបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាបក្នុងទឹកដីខេត្តសៀមរាប បានចំនួន៥៣ករណី ចាប់ខ្លួនមនុស្ស០៤នាក់ ខណៈ១១នាក់ទៀតកំពុងត្រូវបានតុលាការកោះហៅឲ្យចូលខ្លួន។

ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បានធ្វើការសាទរ និងឯកភាពទៅលើលទ្ធផលនៃរបាយការណ៍លើកឡើង ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាបាលខេត្តសៀមរាប ក្នុងការរៀបចំក្រុមការងារនីមួយៗត្រូវបានដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យនិងតាមដានបទល្មើសព្រៃលិចទឹកនៅតាមបណ្តាក្រុងស្រុកទាំង៦ របស់ខេត្តសៀមរាប ដែលជាប់ដែនបឹងទន្លេសាប បានធ្វើឲ្យបទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់។ ឯកឧត្តមក៏បានបញ្ជាក់ក្នុងកិច្ចប្រជុំ ដោយបានលើកឡើងថា រាល់ឧបករណ៍នេសាទដែលខុសច្បាប់ ក្រុមការងារត្រូវធ្វើការដកហូត ឬកំទេចចោល តែចំពោះការប្រើប្រាស់ឧបករណ៍នេសាទ ស្របតាមការកំណត់របស់រដ្ឋបាលជលផល តែលើសពីការកំណត់ប្រវែង ក៏ត្រូវធ្វើការដកហូតផងដែរ។

ក្នុងនោះឯកឧត្តមក៏បានផ្តាំផ្ញើ ក្រុមការងារតាមដានបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប កម្លាំងសមត្ថកិច្ចអនុវត្តច្បាប់មិនត្រូវធ្វេសប្រហែលឡើយ ដែលជាពិសេសនៅរដូវបិទនេសាទដែលនឹងចូលមកដល់នៅខែកក្កដាខាងមុខនេះ។ ម៉្យាងទៀតក្នុងរដូវបិទនេសាទ រដ្ឋបាល ជលផលអនុញ្ញាតចំពោះ ការនេសាទជាលក្ខណៈគ្រួសារ ដូចជា មង និងសន្ទូច តែប៉ុណ្ណោះ៕