អភិបាលស្រុកសណ្ដាន់គាំទ្រ!ប្រជាកសិករកែប្រែទម្លាប់ដាំដំណាំចាស់ ដែលមិនអាចទទួលផលនៅលើទីផ្សារ មកដាំដំណាំទុរេនវិញ

0

(កំពង់ធំ)៖ លោក អឿន រដ្ឋា និង លោក ប៊ុន អេន (ជាម្ចាស់ចំការធូរេន) មានទីតាំងស្ថិតក្នុងភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដំណាំទុរេនពួកគាត់ឆ្នាំនេះទទួលផលល្អ គុណនឹង៣ បើប្រៀបធៀបទៅឆ្នាំមុនៗ។ ដំណាំទុរ៉េននេះ ត្រូវដាំរយៈពេលចាប់ពី៤ឆ្នាំទៅ៦ឆ្នាំទើបបានទទួលទិន្នផល ក្នុងនោះមានផលលំបាកខ្លះដែរក្នុងការថែទាំ ជាពិសេសតម្រូវការប្រភពទឹកជាចាំបាច់ ។

ដោយឡែក លោក ប៊ុន អេន បានបន្តឲ្យដឹងទៀតថា សំណាំទុរ៉េនរបស់គាត់មានផ្ទៃដី១០ហិតា ហើយក្នុង១ហិតា ដាំបានទុរ៉េន១០០ដើម ។ គាត់បញ្ជាក់ឲ្យដឹងទៀតថា កន្លងមកផ្ទៃដីនេះគឺដាំដំណាំចេក ប៉ុន្តែដោយយល់ថាដំណាំទុរេនមានទីផ្សារ និងតម្លៃប្រសើរជាងក៏ចាប់ផ្ដើមប្តូរមកដាំដំណាំទុរេនវិញ។

ដោយយល់ឃើញថាដំណាំទុរ៉េន ជាដំណាំមួយប្រភេទដែល ពេញនិយមទទួលទាន និងមានទីផ្សារល្អ តម្លៃខ្ពស់ ផងនោះ ប្រជាកសិករ បានកែប្រែផ្ទៃដីរបស់ពួកគាត់ពីដំណាំផ្សេងៗ មកប្រកបមុខរបរដាំដំណាំទុរ៉េនវិញ។ ម្យ៉ាងវិញទៀតដំណាំទុរ៉េន របស់ពួកគាត់នៅទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ គឺមានរសជាតិឆ្ងាញ់ មិនចាញ់ដំណាំទុរេន នៅតាមបណ្តាខេត្តនានានោះឡើយ។

លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្ដាន់ គាំទ្រ! នូវការលើកឡើងរបស់ប្រជាកសិករ ក្នុងការកែប្រែទម្លាប់ដាំដំណាំចាស់ដែលពុំសូវទទួលផលលក់នៅលើទីផ្សារ មកដាំដំណាំទុរ៉េនវិញ ព្រោះតែដំណាំទុរេន ជាដំណាំមួយប្រភេទអាចផ្ដល់សេដ្ឋកិច្ច ដ៏ខ្ពស់សម្រាប់បងប្អូនប្រជាកសិករនៅក្នុងស្រុកសណ្ដាន់ផងដែរ។

លោកអភិបាលស្រុកបានបន្តទៀតថា ផ្ទៃដីក៏ដូចជាជីជាតិដីនៅក្នុងភូមិសាស្ត្រ ស្រុកសណ្ដាន់ ពិតជាអំណោយផលសម្រាប់ប្រជាកសិករប្រកបនូវមុខរបរកសិកម្ម ស្ទើរតែគ្រប់តម្រូវការនៃដំណាំផ្សេងៗ ។ ជាមួយគ្នានេះលោក អំពាវនាវ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមចូលរួមគាំទ្រ ទទួលទានផលដំណាំក្នុងស្រុក ដើម្បីចូលរួមលើកកំពស់ជីវភាពប្រជាកសិករក្នុងសហគមន៍មូលដ្ឋាន។