ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យសកម្មភាពក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង

0

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចនៅឃុំមានជ័យ ឃុំត្រពាំងធំ ឃុំកំពង់ភ្លុក និងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ ឯក ឈុំ ឆៃ និងលោកវរសេនីយ៍ទោអ៊ូ ឆេងកន ប្រធានក្រុមទី១និងប្រធានក្រុមទី២នៃក្រុមការងារចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផល នឹងបញ្ហាប្រឈមមួយចំនួនក្នុងដំណើរការអនុវត្តការងាររយៈពេល៣ថ្ងៃកន្លងមក ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារនិងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងពីរក្រុម ដែលមានចំនួន៤០នាក់ ហើយបានបំពេញភារកិច្ចក្នុងរយៈពេល៣ ថ្ងៃកន្លងមកនេះ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន២.៥០០នាក់និងបន្តចាក់តាមផែនការដែលបានកំណត់ ព្រមទាំងបានសម្របសម្រួលបញ្ចូលទិន្នន័យ រវាងប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជាមួយនឹងប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល ប្រកបដោយភាពរលូនល្អ ។

និងបានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងដូសទីបី និងដូសទី៤ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ រួមទាំងបានអំពាវនាវដល់ក្រុមការងារនិងក្រុមគ្រូពេទ្យ ត្រូវបន្តការប្រុងប្រយ័ត្នថែទាំសុខភាព ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានជួយឧបត្ថម្ភដល់ក្រុមការងារ នឹងក្រុមគ្រូពេទ្យ សម្រាប់ការដោះស្រាយជីវភាពហូបចុកប្រចាំថ្ងៃបន្ថែមលើគោលរបបដែលមានស្រាប់ មានមីចំនួន១០កេស ទឹកបរិសុទ្ធវីតាល់ចំនួន១០ កេស សាច់ជ្រូកនិងបន្លែបង្ការមួយចំនួនទៀតផងដែរ ៕
ដោយ ប៊ុន រដ្ឋា