ម្តាយដេកបំបៅកូន លក់មួយភាំង សង្កត់ច្រមុះកូនដាច់ខ្យល់ស្លាប់

ប្រទេសថៃ ៖ ទារកដ៏តូច និងទើបតែឃើញពន្លឺថ្ងៃបាន ២ ខែ បានស្លាប់យ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីស្ត្រីជាម្តាយបានដេកបំបៅហើយបានលក់មួយភាំង ទំនងជាដោះសង្កត់ខ្ទប់ទៅលើច្រមុះកូន លុះភ្ញាក់ដឹងខ្លួនទើបដឹងថា កូនបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើង នៅព្រលប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងអាគារស្នាក់នៅរបស់កម្មករ ស្ថិតក្នុងឃុំបាងបរ ស្រុកបាងបរ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យដល់កន្លែងកើតហេតុគឺបានសង្គេតឃើញថា មានទារកម្នាក់ ភេទស្រី អាយុ ២ ខែ ដេកស្លាប់នៅលើពូក ដោយស្រ្តីជាម្តាយដែលជាពលករខ្មែរបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនបានដេកផ្អៀងអោយកូនបៅ រួចក៏បានដេកលក់ខ្លួនឯងមួយភាំង ពេលដឹងខ្លួនឡើងទើបដឹងថាកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ ស្របពេលនោះដែរ បុរសជាប្តីដែលជាជនជាតិថៃឈ្មោះ ភី រ៉ាក់ផុង បានចេញពីធ្វើការ មកដល់ឃើញបែបនេះក៏រាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។

នៅពេលនោះដែរ តម្រួតថៃបានសន្និដ្ឋានថា ម្តាយពេលដេកលក់អាចផ្អៀងខ្លួនសង្កត់ត្រង់ច្រមុះកូន ទើបធ្វើអោយថប់ដង្ហើមស្លាប់បែបនេះ ៕ អត្ថបទ : ព្រាប.ស