លោកស្រី បាន ស្រីមុំ ជំរុញដល់មន្ត្រីប្រចាំការនៅច្រកទ្វាអន្តជាតិព្រំ ត្រូវសហការគ្នាធ្វើការ បង្កើនទំនាក់ទំនងល្អ ជាមួយភាគីថៃបន្ថែមទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានចេញចូលទៅមករកស៊ីកាន់តែងាយស្រួលឆាប់រហ័ស និងស្របច្បាប់

0

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអង្គភាពប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (កម្ពុជា-ថៃ) ដើម្បីពិនិត្យរបាយការណ៍ និងបញ្ហាផ្សេងៗ ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីប្រធានទីស្នាក់ច្រកទ្វាអន្តជាតិព្រំ នគបាលអន្តោប្រវេសន៍ច្រកទ្វា ក្រុមការងារទំនាក់ទំនងព្រំដែន ច្រកទ្វាអន្តជាតិព្រំ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្នុងការសហការឲ្យបានជិតស្និទ្ធជាមួយភាគីខាងប្រទេសថៃ ជាពិសេសគ្រប់គ្រងការលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសថៃ ។ លោកជំទាវ បានបន្តទៀតថា បច្ចុប្បន្នទោះបីប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងជួបបញ្ហានឹងការរីករាលដាលនូវជំងឺកូវិដ-១៩ក្ដី ក៏យើងនៅតែមិនដកថយក្នុងការចូលរួម ជាមួយនិងការទប់ស្កាត់បញ្ហាគ្រៀងញៀន ព្រោះគ្រឿងញៀននៅតែជាបញ្ហាចម្បង ដែលអាចបង្កជាអសន្ដិសុខនៅក្នុងតំបន់ ដែលផ្ទុយពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ព្រោះគ្រឿងញៀនជាបញ្ហាជាប់ជានិច្ចចំពោះសង្គមជាតិ ។ លោកជំទាវអភិបាលខេត្តក៍ បានផ្តាំផ្ញើដល់អង្គភាព ឲ្យបង្កើនការត្រួតពិនិត្យទំនិញនានាដែលនាំចូលពីប្រទេសថៃ ធ្វើយ៉ាងណាឲ្យទំនិញនោះមានគុណភាពខ្ពស់ និងមានសុវត្ថិភាព ព្រោះសុខភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសគឺស្ថិតនៅក្នុងដៃអង្គភាពយើង ដែលប្រចាំការនៅច្រកទ្វា ព្រោះថាបើគ្មានការពិនិត្យទំនិញដែលនាំចូលពីប្រទេសថៃទេនោះ វាអាចធ្វើឲ្យមានការនាំចូលនូវទំនិញខុសច្បាប់ ទំនិញខូចគុណភាព សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋយកមកប្រើប្រាស់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋថែមទៀតផង។
ជាមួយគ្នានោះដែរ លោកជំទាវ ក៍បានជំរុញបន្ថែមទៀត ដល់មន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ប៉ៃលិន ត្រូវបង្កើនការងារទំនាក់ទំនងល្អជាមួយភាគីថៃអោយបានកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីបង្កើនជំនឿទុកចិត្តគ្នា សហការការគ្នា សម្របសម្រួលផ្តល់លទ្ឋភាពអោយបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានចេញចូលទៅមករកស៊ីកាន់តែងាយស្រួលឆាប់រហ័ស និងស្របច្បាប់។
គួរការបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា ទល់មុខនឹងច្រកបានប៉ាកាដ ស្ថិតនៅភូមិបានប៉ាកាដ ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់ថបុរី នៃព្រះរាជាណាចក្រថៃ៕អត្ថបទ សេង សុវណ្ណារិទ្ធ