ជំនួញឈើឆ្លងដែនពីខេត្តរតនគិរី កម្ពុជា ចូលទីខេត្តយ៉ាឡាយ វៀតណាម កំពុងចាប់កម្រើកឡើងវិញហើយ !

ខេត្តរតនគិរី : ជំនួញឈើឆ្លងដែនខុសច្បាប់ កំពុងចាប់កម្រើកឡើងវិញ នៅតាមបណ្តោយខ្សែបន្ទាតើព្រំដែនស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានព្រំដែនរួមជាមួយខេត្តយ៉ាឡាយ ប្រទេសវៀតណាម។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុង១យប់ៗមានម៉ូតូដឹកឈើឆ្លងដែនពីកម្ពុជា ចូលទៅប្រទេសវៀតណាម មិនតិចជាង ៦០គ្រឿងនោះទេ ដែលការដឹកជញ្ជូនឈើទាំងនោះ ធ្វើឡើងតាមច្រកប៉ុស្តិ៍ការពារព្រំដែនលេខ ៦០១ ចំណុះអង្គភាពនគរបាលវរ:ការពារព្រំដែនគោកលេខ ៦២៣ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

ប្រជាសហគមន៍ការពារព្រៃឈើក្នុងខេត្តរតនគិរី បានលើកឡើងថា បើអាជ្គាធរខេត្ត និងស្រុកអូរយ៉ាដាវ ពិសេស កម្លាំងនគរបាលវរការពារព្រំដែនគោកលេខ ៦២៣ ដែលមានកម្លាំងប្រចាំការនៅក្នុងមូលដ្ឋាននោះ មិនប្រញាប់មានវិធានការចេះទប់ស្កាត់ ឬបង្ក្រាបសកម្មភាពបំភ្លេចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ ឲ្យបានទាន់ពេលវេលានោះទេ នោះព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះ នឹងរងការវិនាសហិនហោចអស់ជាក់ជាពុំខានឡើយ៕